ខេត្តបាត់ដំបង៖ ទឹកដីខេត្តបាត់ដំបង ពិតជាចងចិត្តជនរួមជាតិ ទាក់ទាញទាំងវិស័យតំបន់រមណីយដ្ឋានទេសចរណ៍កម្សាន្ត ប្រវត្តិរឿងរ៉ាបរាប់មុឺននៃអ្នកនិពន្ធចងក្រងជាបទចំរៀង រឿងប្រលោមលោក ពិសេសចំការក្រូច ស្វាយ ទំពាំងបាយជូ ធុរ៉េន ខ្នុរ សាវម៉ាវ ។ល។ មានរសជាតិឆ្ងាញ់បែបលក្ខណះធម្មជាតិ។
បើតាមការបញ្ជាក់ឱ្យដឹងពីអង្គភាពមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
បច្ចុប្បន្នខេត្តមួយនេះ បន្តការអភិវឌ្ឍន៍ជឿនលឿន គួបផ្សំនិងភាពសុីវិល័យរបស់ប្រជាពលរដ្ឋថែមទៀត។
អ្វីដែលបន្ថែមប្លែកអស្ចារ្យ គឺមានផ្ទះផ្កាBegonia ជារមណីយដ្ឋានកែច្នៃមួយកន្លែងដែលមានផ្កាចម្រុះពណ៌គ្នា យ៉ាងស្រស់ស្អាត ជាច្រើនប្រភេទ។ រាល់ពូជផ្កាដាំនៅទីនេះ សុទ្ធតែនាំចូលពីបរទេស ហើយរាល់២ឬ៣ខែម្ដង នឹងមានការផ្លាស់ប្ដូរផ្កាថ្មីទៅតាមរដូវកាល ដើម្បីឱ្យសមស្របទៅតាមបរិបទនៃរដូវនីមួយៗ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ជិតចម្ការទំពាំងបាយជូរ ខេត្តបាត់ដំបង។
ខាងអង្គភាពមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា ៖ សួននេះមានផ្កាសរុបពី២ម៉ឺន៥ពាន់ដើម ទៅ៣ម៉ឺនដើម ដាក់តាំងលម្អនៅក្នុងថូរតម្រៀបជាជួរ។ សម្រាប់ព្រះសង្ឃ មនុស្សចាស់ជរា និងជនពិការ ត្រូវបានអនុញ្ញាតឱ្យចូលទស្សនានៅទីនេះបានដោយសេរី។
កញ្ញាម្នាក់ អ្នកដែលទៅលេងកម្សាន្តនៅរមណីយដ្ឋាននេះបានប្រាប់ថា៖ «ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយ នៅពេលបានមកដល់ទីនេះ។ អាចនិយាយបានថា វាជាអារម្មណ៍មួយប្លែក ពីព្រោះផ្ទះផ្កានេះ មានលក្ខណៈប្លែកពីតំបន់ទេសចរណ៍ផ្សេងទៀត ដែលខ្ញុំធ្លាប់បានទៅលេងកន្លងមក»។ កញ្ញាបានបន្តថា សម្រាប់អ្នក ដែល បាន មកលេង ខេត្តបាត់ដំបង គួរ ឆ្លៀតឱកាស មកលេង នៅទីនេះ ដើម្បី ទទួលបាន នូវ បរិយាកាស ស្រស់ស្រាយ និង ថតរូប ទុកជា អនុស្សាវរីយ៍ ជាមួយ ទេសភាព យ៉ាងស្រស់ស្អាតនៅផ្ទះផ្កា Begonia។
ផ្ទះផ្កា Begonia រមណីយដ្ឋានកែច្នៃ ដែលមានផ្កាស្រស់ស្អាតច្រើនប្រភេទ ក្លាយទៅជាទីកន្លែងអ្នកគ្រប់គ្នា ប្រាថ្នាទៅដល់ ចង់ផ្តិតយករូបភាព បង្កើនអារម្មណ៍ឱ្យជ្រះថ្លាផងដែរ៕
ដោយ៖ សហការី