ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស​វៀ​ត​ណា​ម ស្នើ​ឲ្យ​ចិន​លុបចោល​សមយុទ្ធ​យោធា​នៅក្បែរ​ប្រជុំ​កោះ Paracel

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលចិន បានធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះ​Paracel ដែលវៀតណាមឲ្យឈ្មោះថា Hoang Sa ចាប់ពីថ្ងៃទី២៤ខែសីហាមក ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី២៩ខែសីហាប៉ុន្មានថ្ងៃខាងមុខនេះ ក្រសួងការបរទេសវៀណា កាលពីថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ បានស្នើឲ្យរដ្ឋាភិបាលចិនលុបចោលសមយុទ្ធយោធានៅក្បែរប្រជុំកោះមួយនេះ។

បើតាមការអះអាងរបស់ទីក្រុងហាណូយ សមយុទ្ធយោធារបស់ចិន បានបំពានដែនអធិបតេយ្យរបស់វៀតណាម ដោយសមយុទ្ធយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង គឺបានប្រព្រឹត្តឡើងហើយនៅក្បែរប្រជុំកោះ​Paracel ប៉ុន្តែវៀតណាម ដែលជាភាគីមួយទាមទារប្រជុំកោះស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនេះ មិនសុខចិត្តឡើយ និងទាមទារឲ្យចិនលុបចោលសមយុទ្ធយោធា

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសវៀតណា លោកស្រី Le Thi Thu Hang បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកវៀតណាមVietnam Express ថា៖ ការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ប្រជុំកោះ Paracel គឺជាការបំពានស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅក្នុងសមុទ្រចិនខាងត្បូង (DOC) និងមិនគោរពតាមការចរចា ដែលពាក់ព័ន្ធនឹងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការនៅក្នុងតំបន់

គួរបញ្ជាក់ថា ដោយមើលឃើញថា សមយុទ្ធយោធាចិនជាការបំពានអធិបតេយ្យរបស់ខ្លួន វៀតណាម បានស្នើឲ្យចិន លុបចោលសមយុទ្ធយោធានិងមិនត្រូវឲ្យកើតមានការបំពានស្រដៀងនេះទៀតទេ វៀតណាម បានចាត់ទុកសមយុទ្ធរបស់ចិន គឺខុសច្បាប់ កន្លងទៅវៀតណាម បានដាក់ការតវ៉ាជាមួយចិនម្តងហើយ ជុំវិញសមយុទ្ធយោធា នៅក្បែរប្រជុំកោះ Spratly កាលពីដើមខែសីហាកន្លទៅ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បច្ចុប្បន្នប្រទេសវៀតណាមបានហៅសមុទ្រចិនខាងត្បូងថា សមុទ្រខាងកើត ព្រោះនៅក្នុងឆ្នាំ១៩៧៤ចិន បានដណ្តើមកាន់កាប់ប្រជុំកោះ​Paracel ពីវៀតណាម តាមរយៈការប្រើប្រាស់កម្លាំងយោធា ហើយក្នុងការប៉ះទង្គិចគ្នានោះដែរ កងទ័ពវៀតណាមយ៉ាងហោចណាស់ ៧០នាក់ បានបាត់បង់ជីវិត៕ដោយ៖ស តារា


ចែករំលែក៖