ព័ត៌មានទាន់ហេតុការណ៍៖

លោក ហែម គិរី ៖ ១ខែទៀត កីឡាករនឹងមានសមត្ថភាពដូចដើមវិញក្រោយសម្រាកអំឡុងពេលកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី សម្រាកអស់រយៈពេលជាង ៣ខែ និងបានចាប់ផ្ដើមប្រមូលផ្តុំឡើងវិញ បានមួយរយៈ លោក ហែម គិរី បានឲ្យដឹង តាមសារ អេឡិចត្រូនិចថា កីឡាករ បានវិញមក រកសភាពដើម ជាបណ្ដើរៗហើយ ខណៈដែលពួកគេកំពុងបន្ត ការហ្វឹកហាត់ ដូច្នេះលោកគិតថា រយៈពេលមួយខែទៀត កីឡាកររបស់លោក នឹងមានសមត្ថភាព ដូចមុន។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡា ហែលទឹក បានឲ្យដឹងថា តាមរយៈការប្រកួតជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ កាលពីពេលថ្មីៗនេះ លោក មើលឃើញថា តាមលទ្ធផល បច្ចេកទេស កីឡាករ មួយចំនួនធំ គឺសមិទ្ធផលរបស់គាត់ មានកម្រិត ប្រហាក់ប្រហែល ទៅហ្នឹងអ្វីដែលគាត់ មានមុនសម្រាកអំឡុងពេលកូវីដ-១៩។

លោក អគ្គលេខាធិការ បានបញ្ជាក់ថា ត្រូវការពេលមួយខែទៀត ទើបកីឡាករ អាចវិលទៅរកសភាពដើមវិញបាន ១០០% ហើយសហព័ន្ធ មានផែនការ ហ្វឹកហាត់ និងបណ្ដុះបណ្ដាល ជាច្រើនសម្រាប់ឆ្នាំ២០២០ នេះដើម្បីត្រៀមខ្លួន ក្នុងការចូលរួមប្រកួតអន្តរជាតិផ្សេងៗ។
គួររំលឹកដែរថា ការប្រកួតជ្រើសរើសជើងឯកពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ ដែលធ្វើនៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ក្រុមកីឡាករ–កីឡាការិនី ក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងនោះទទួលបាន មេដាយសរុបចំនួន ១៣គ្រឿង គឺមេដាយមាស ៥គ្រឿង, មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង៕ដោយ៖ សហការី


ចែករំលែក៖