ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានអនុញ្ញាតឱ្យក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលជួបសម្ភាសន៍ផ្ទាល់ នៅភូមិគ្រឹះលោកបណ្ឌិត ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បណ្ឌិត យង់ ពៅ បានមានប្រសាសន៍ជម្រាបជូន លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ថា ការសុំការអនុញ្ញាតពី លោកបណ្ឌិត ដើម្បីចូលជួបសម្ភាសន៍ផ្ទាល់នៅពេលនេះ ក្នុងបំណងរៀបចំគុណកថា សម្រាប់ពិធីប្រកាសគោរមងារ យោងព្រះរាជក្រឹត្យលេខ នសរកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូន ឯកឧត្តមបណ្ឌិតជា « កិត្តិនីតិកោសលបណ្ឌិត » កន្លងមកនេះ ។
លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអរគុណចំពោះក្រុមការងារ ក៏ដូចអរគុណចំពោះរាជបណ្ឌិត្យសភាកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឡើងទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចផ្តល់គោរមងារកិត្តិយសដល់រូបខ្ញុំ ជា «កិត្តិនីតិកោសលបណ្ឌិត» និងបានខិតខំបំពេញការងារយ៉ាងល្អជូនរាជរដ្ឋាភិបាល ។ បន្ទាប់មក លោកកិត្តិនីតិកោសលបណ្ឌិត ក៏បានមានប្រសាសន៍ជម្រាបជូនក្រុមការងារអំពីជីវប្រវត្តិ, ការបើកទំព័រថ្មីនៃជីវិត ពីឆ្នាំ១៩៧៩-១៩៨៥, ការចាប់ផ្តើមការងារជាថ្មីទៀត ពីឆ្នាំ១៩៨៥-១៩៨៩, មុខតំណែងខ្ពស់ក្នុងរដ្ឋាភិបាល ពីឆ្នាំ១៩៨៩-១៩៩៣, ការងារនៅស្ថាប័ននីតិប្បញ្ញត្តិ និងទស្សនៈនយោបាយ ចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាសមិទ្ធិផលផ្សេងៗដែល ឯកឧត្តមបណ្ឌិត សម្រេចបាននាពេលកន្លងមក ។
ក្រុមការងាររាជបណ្ឌិត្យសភា បានថ្លែងអំណរគុណ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ជាទីបំផុត ដែលបានអនុញ្ញាត និងបានចំណាយពេលវេលា ឱ្យក្រុមការងារបានចូលជួបសម្ភាសន៍ផ្ទាល់នាពេលនេះ ៕
ដោយ៖ សុខ ខេមរា