ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់ពន្ធនាគារម្តង ចេញមកវិញមិនរាងចាល បន្តលួចដដែលសមត្ថកិច្ចឃាត់ដាក់ពន្ធនាគារម្តងទៀត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ  ពីបទលួច នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃាត់ខ្លួនបាននាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ រើន កុក ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព លួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1B.6687 ជារបស់ឈ្មោះ សេង គីហ៊ាង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅបូរីដួងចាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សេង គីហ៊ាង បានរៀបរាប់ថា នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ គាត់បានមកពីផឹកស្រា ក៏ទុកម៉ូតូ នៅមុខផ្ទះ ដោយភ្លេចដកកូនសោ លុះព្រឹកឡើងក៏បាត់ម៉ូតូ បន្ទាប់មកលោកបានទៅប្តឹងសម្ថកិច្ចក្នុងមូលដ្ឋានឲ្យជួយស្រាវជ្រាប។ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងសហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ រើន កុក ខណ:ដែលគេកំពុងអំពាវនាវលក់ម៉ូតូដែលលួចបាននៅទីនោះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រើន កុក បានសារភាពថា  រូបគេពិតជាបាន លួចយកម៉ូតូនោះមែន នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខណ:គេមកពីដើរលេង ឃើញម៉ូតូជនរងគ្រោះទុកចោលនៅមុខផ្ទះ ដោយមានកូនសោស្រាប់។បន្ទាប់មក គេក៏លួចជិ:យកទៅលក់នៅខេត្តសៀមរាប ពេលជិះដល់ស្រុកក្រឡាញ់ ក៏អំពាវនាវលក់ ចំនួន៥.០០០បាត ពេលនោះអ្នកទិញគេ សួររកកាតគ្រីខ្លួនថា គ្មាន មួយសន្ទុះក្រោយមក ក៏ត្រូវនគរបាលស្រុកក្រឡាញ់ ចាប់ខ្លួនតែម្តង ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យរូបនេះ ប្រើប្រាស់គ្រឿងញៀន១០ឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធនាគារផងដែរ ពីបទលួចម៉ូតូយកទៅលក់បានចំនួន៣គ្រឿង។លុះ ពេលចេញមកវិញនៅតែមិនរាងចាល នៅតែប្រព្រឹត្តអំពើលួចដដែល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ម្តងទៀត។ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញក្រោយកសាងសំណុំរឿងរួច៕ដោយ៖ ប្រាថ្នា


ចែករំលែក៖