អន្តរជាតិ៖ អាមេរិកបានជំរុញឲ្យចិនកាត់បន្ថយសកម្មភាពយោធាក្នុងតំបន់សមុទ្រចិនខាងត្បូង ក្រោយពេលចិនមានសកម្មភាពយោធានៅក្នុងតំបន់។ ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី២៧ខែសីហា បានព្រមានពីការបាញ់មីស៊ីលរបស់ចិននៅសមុទ្រចិនខាងត្បូងដែលបានគំរាមកំហែងដល់សន្តិសុខនិងសន្តិភាពក្នុងតំបន់។
មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា កម្លាំងទាហានជើងទឹកចិនបានបាញ់មិីស៊ីល៤គ្រាប់នៅតំបន់សមុទ្រជិតកោះដែលមានវិវាទជាមួយប្រទេសវៀតណាម។ អាមេរិកបានចាត់ទុកថាសកម្មភាពខាងលើនឹងធ្វើឲ្យតំបន់កាន់តែតានតឹងនៅសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «សកម្មភាពសាកល្បងមីស៊ីលរបស់ចិនគឺជាការបំពានកិច្ចសន្យា និងសេចក្តីប្រកាសរួមស្តីពីការដោះស្រាយស្តីពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ប៉ះពាល់ដល់ស្ថានភាព និងស្ថិរភាពក្នុងតំបន់»។
ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ការធ្វើសមយុទ្ធរបស់ចិន កើតឡើងចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ខែសីហាស្ថិតនៅតំបន់សមុទ្រ ជិតកោះដែលមានវិវាទជាមួយប្រទេសវៀតណាម។ សកម្មភាពខាងលើគឺជាការដាក់គំនាបទៅលើប្រទេសជិតខាង និងដល់ប្រទេសតំបន់អាស៊ាន។
កន្លងមកថ្មីៗនេះ ចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដល់ទៅ២៤ក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងការសាងសង់កោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូង។ ការដាក់ទណ្ឌកម្មនឹងធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែតានតឹងថែមទៀត ៕ដោយ៖ធី រីណា