អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ កាលពីថ្ងៃទី២៦ខែសីហាថ្មីៗនេះ បានប្រកាសពីរដ្ឋហាវ៉ៃថា៖ អាមេរិកមានការទទួលខុសត្រូវក្នុងការដឹកនាំតំបន់ប៉ាស៊ីហ្វិក ហើយនឹងមិនចែកទឹកដីនេះមួយអ៊ីញណាមួយឲ្យប្រទេសដែលគិតថា មានប្រព័ន្ធនយោបាយល្អជាងអាមេរិកដែរ។ ការលើកឡើងបែបនេះ ខណៈដែលលោក ម៉ាក អេស្ពើ ចាប់ផ្ដើមដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ប៉ាស៊ីហ្វិក ទីដែលការប្រកួតប្រជែងរវាងអាមេរិកនិងចិនកំពុងពុះកញ្ជ្រោលខ្លាំងឡើងៗ។ ហើយកោះហាវ៉ៃ ប៉ាឡាវ និងហ្កាមស្ថិតក្នុងគោលដៅរបស់លោក អេស្ពើ ទស្សនកិច្ច។
បើទោះបីជា មិននិយាយចំឈ្មោះប្រទេសណា ក៏គេអាចយល់ច្បាស់ថាលោក អេស្ពើ ចង់សំដៅចិនដែលសព្វថ្ងៃជាគូប្រជែងរបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា លោក អេស្ពើ បាននិយាយអំឡុងពេលសំចតនៅកោះហាវ៉ៃនៅថ្ងៃទី២៦ ខែសីហាដោយវាយប្រហារចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនចូលតំបន់ប៉ាស៊ីហ្វិកដែលអាមេរិកបានឈរជើងរាប់សិបទសវត្សរ៍មកហើយ។ ប្រមុខការពារជាតិអាមេរិករូបនេះ សង្ឃឹមថា អាមេរិកអាចធ្វើការជាមួយចិនដើម្បីឲ្យចិនគោរពច្បាប់អន្តរជាតិ ទោះជាកន្លងមក ចិនបរាជ័យក្នុងការធ្វើតាមការសន្យា ហើយមានមហិច្ឆតាទំនើបកម្មយោធាក៏ដោយចុះ។
លោក អេស្ពើ បាននិយាយទៀតថា ដើម្បីសម្រេចឲ្យបានរបៀបវារៈបក្សកុម្មុយនីស្តចិន កងទ័ពរំដោះប្រជាជនចិន បានបន្តផែនការធ្វើទំនើបកម្មយោធាកោងកាចរបស់ខ្លួន សំដៅក្លាយជាកងទ័ពស្តង់ដាពិភពលោកនៅពាក់កណ្ដាលសតវត្សរ៍នេះ។ លោកបន្តថា វាជារឿងជៀសមិនផុតឡើយដែលកងទ័ពចិននឹងចូលពាក់ព័ន្ធក្នុងសមុទ្រចិនខាងត្បូង ចិនខាងកើត និងគ្រប់កន្លែងដែលមានប្រយយោជន៍សម្រាប់ចិន។
លោក អេស្ពើ បញ្ជាក់ថា «អាមេរិក មានការទទួលខុសត្រូវក្នុងការដឹកនាំប៉ាស៊ីហ្វិក។ យើងជាប្រទេសប៉ាស៊ីហ្វិក ឥណ្ឌូ-ប៉ាស៊ីហ្វិកអស់ពេលជាយូរមកហើយ។» ដោយលោក ចាត់ទុកតំបន់មួយនេះជាទីតាំងកណ្ដាលនៃការប្រកួតប្រជែងរវាងអាមេរិក និងចិន។ ត្រង់ចំណុចនេះ លោក អេស្ពើ ក៏និយាយដល់រុស្ស៊ីមួយទៀតដែលប្រជែងនឹងអាមេរិកដែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ និយាយច្បាស់ដោយចង់សំដៅចិនថា៖អាមេរិកនឹងមិនចែកប៉ាស៊ីហ្វិកសូម្បីមួយអ៊ីញឲ្យប្រទេសណាដែលគិតថា ខ្លួនមានប្រព័ន្ធរដ្ឋាភិបាល សិទ្ធិមនុស្ស អធិបតេយ្យ សេរីភាពនានាល្អជាងអាមេរិកឡើយ។ លោក អេស្ពើ ទំនងមានន័យថា ចិនមិនអាចប្រជ្រៀតចូលតំបន់ដែលអាមេរិកមានឥទ្ធិពលបានឡើយ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក អេស្ពើ គ្រាន់តែផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ ដែលត្រូវបានចាត់ទុកជាការគំរាមលើទីតាំងឈរជើងរបស់អាមេរិក។ បញ្ហានេះ ក៏គ្រាន់តែជាផ្នែកតូចមួយនៃការមើលមុខគ្នាមិនត្រូវរវាងមហាអំណាចពិភពលោកទាំងពីរផងដែរ៕ដោយ៖ស តារា