អគ្គមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងលោក Suh Wook ត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី២៨ ខែសីហាថា ប្រធានាធិបតីមូន ជេអុីនបានសម្រេចជ្រើសរើសលោកSuh Wook មេទ័ពជើងគោកមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោកJeong Kyeong-doo ។
លោក Suh Wook ត្រូវឆ្លងកាត់ការសួរនាំនៅក្នុងសភាមុនពេលឲ្យចូលកាន់តំណែងដ៏សំខាន់មួយនេះ ។ លោកSuh Wook កើតនៅឆ្នាំ១៩៦៣ នៅតំបន់ Gwangju ចម្ងាយពីទីក្រុងសេអ៊ូល២៧០ គីឡូម៉ែត្រ។ លោកធ្លាប់កាន់តំណែងនៅក្នុងទីបញ្ជាការកម្លាំងទាហានសម្ពន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ២០១១ដល់ឆ្នាំ២០១៤។ ក្រោយមកក៏កាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក។
នេះជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង ដើម្បីបង្កើនមុខមាតនិងការគាំទ្រឡើងវិញពីពលរដ្ឋក្រោយការធ្លាក់ចុះដោយសារតែ ការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩មិនបានល្អ ៕ដោយ៖ធី រីណា