មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅសួរសុខទុក្ខពលរដ្ឋនៅក្នុងតំបន់រងគ្រោះដោយសារតែខ្យល់ព្យុះក្នុងខេត្ត Hwanghae។ ជាមួយគ្នានេះដែរ លោកគីម ជុងអ៊ុន ក៏បានអំពាវនាវដល់ពលរដ្ឋនិងមន្ត្រីក្នុងតំបន់ ត្រូវមានវិធានការទប់ស្កាត់ ការខាតបង់កាន់តែច្រើនដោយសារខ្យល់ព្យុះ។
ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ខេត្តHwanghaeកើតឡើងក្រោយរងការវាយប្រហារដោយព្យុះ Bavi ដែលបក់បោកតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចប្រទេសនេះ តាំងពីថ្ងៃទី២៧ ខែសីហា។
នៅក្នុងដំណើរទស្សនកិច្ចនោះលោក គីម បានលើកឡើងថា ការខាតបង់ដោយខ្យល់ព្យុះមានទំហំតិចជាងការព្យាកររបស់គណៈកម្មការជាតិទប់ស្កាត់ការខាតបង់ដោយគ្រោះធម្មជាតិ។ ជាមួយគ្នានេះ លោក គីម បានបញ្ជាឲ្យមានវិធានការទប់ស្កាត់ការខាតបង់ដោយគ្រោះធម្មជាតិតិចជាងនេះ។ ខេត្តHwanghae ជាតំបន់ដាំដុះស្រូវច្រើនជាងគេបង្អស់ នៅក្នុងប្រទេសនេះ ។
ការបង្ហាញខ្លួនរបស់មេដឹកនាំ គីមជុងអ៊ុន បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំនាពេលកន្លងមកថ្មីៗ ហើយអ្វីដែលពិសេសនោះគឺក្រោយពេលមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា លោក គីមធ្លាក់ខ្លួនឈឺធ្ងន់សន្លប់លែងដឹងខ្លួនហើយឲ្យប្អូនស្រីដឹកនាំប្រទេសជាតិជំនួសវិញ។ ប៉ុន្តែនៅពេលនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ក៏បានផ្សាយថា លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានអវត្តមាននៅក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើន អស់រយៈពេលជាងមួយខែមកហើយ៕ដោយ៖ធី រីណា