ភ្នំពេញ៖ មើលទៅពិតជាគួរឲ្យសង្វែកខ្លាំងណាស់ ខណៈស្រ្តីម្នាក់ បានស្រែកយំទួនសោករហូតទល់តែវង្វេងស្មារតីស្ទើរតែឆ្គួតទៅហើយ ខណៈពេលមកដល់ផ្ទះឃើញប្តីនិងកូនស្រីបីនាក់ បានដេកស្លាប់ ។
គួររម្លឹកថា ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់ពីបុរសជាឪពុក បានប្រើដៃច្របាច់ក សម្លាប់កូនស្រីរបស់ខ្លួនចំនួន៣នាក់ ដែលម្នាក់ពេញក្រមុំ និង២នាក់ទៀតនៅតូចៗនៅឡើយស្លាប់ទាំង៣នាក់ រួចឪពុកចិត្តតិរច្ឆាននេះធ្វើអត្តឃាតដោយចង.កខ្លួនឯងជាក្រោយនៅក្នុងផ្ទះ ដោយសារតែមានបញ្ហាក្នុងគ្រួសារដោះស្រាយមិនចេញ ។ លុះពេលប្រពន្ធត្រឡប់មកពីធ្វើការវិញបើកទ្វារចូលទៅក្នុងផ្ទះស្រាប់តែឃើញឪពុកចង.កសម្លាប់ខ្លួន ឯកូនៗស្លាប់រដូករណែលនៅក្នុងបន្ទប់គួរឱ្យរន្ធត់បំផុត។
សូមជម្រាបថា សពទាំងបួននាក់ឪពុកនិងកូនៗ រួមមាន៖
១-ឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី, ២-កូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ,៣-កូនស្រីទី២ឈ្មោះជុំ ម៉េងចិន អាយុ៥ឆ្នាំ និង ៤-កូនស្រីទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។
គួរបញ្ជាក់ថា តាមសម្តីប្រពន្ធរបស់ជនរងគ្រោះនិងជាម្តាយកូនស្រីទាំង៣នាក់ មានឈ្មោះ ឌីម សុខនាថ ក្រោយពេលកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅម៉ោង៨និង៣០នាទីយប់ខ្លួនបានត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយតប ខ្លួនក៏បានរុញទ្វាររហូតដល់របើក ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញបុរសជាប្ដីបានចងកស្លាប់បាត់ទៅហើយ រីឯកូនស្រី២នាក់ឃើញស្លាប់នៅលើគ្រែ និងកូនស្រីច្បងស្លាប់នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនបានទៅហៅប្អូនថ្លៃស្រី ដែលជួលបន្ទប់ក្បែរគ្នាឲ្យមកជួយមើល និងស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញឱ្យចុះមកពិនិត្យដល់ន្លែងកើតហេតុ។
បន្ទាប់ពីមន្ត្រីជំនាញធ្វើកោសល្យវិច័យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង៣នាក់បានស្លាប់ដោយសារការច្របាច់ក ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួច បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុតែម្ដង។ រីឯសពទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
បច្ចុប្បន្នបើមើលតាមឃ្លីបវិដេអូជាក់ស្តែង ស្រ្តីរូបនេះយំរហូតទល់តែវង្វេងស្មារតី ព្រោះតែបាត់បង់កូនៗជាទីស្រឡាញ់របស់ខ្លួន ដោយទុកឲ្យគាត់រស់នៅតែម្នាក់ឯង ៕