អន្តរជាតិ៖ កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ ទីក្រុងប៉េកាំង បានអះអាងថា ការបាញ់មីស៊ីលរបស់ចិន ទៅក្បែរប្រជុំកោះParacel ដែលចិនហៅថាកោះXishaនោះ គឺគ្រាន់តែជាសមយុទ្ធយោធាប៉ុណ្ណោះ និងមិនគំរាមដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អាមេរិកទៅវិញទេដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់នោះ។
បើតាមរយៈសន្និសីទសារព័ត៌មាន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ការបាញ់មីស៊ីលក្បែរប្រជុំកោះParacel គឺធ្វើឡើងដោយផ្អែកទៅលើសមយុទ្ធយោធាប៉ុណ្ណោះ។ «មីស៊ីលទាំងនោះ គឺមិនមានគោលដៅគំរាមប្រទេសណាមួយឡើយហើយរឹតតែគ្មានអ្វីពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង»។ លោក Lijian បានលើកឡើងបែបនេះ ដោយបន្ថែមថា សកម្មភាពអាមេរិកទៅវិញទេ ដែលបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់នោះ។
សូមជម្រាបថា មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី២៧ ខែសីហា បានរាយការណ៍ថា ចិនបាញ់មីស៊ីលបាលីស្ទិកចំនួន ៤គ្រាប់ និងហៅសកម្មភាពរបស់ចិននេះថា បានបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ នៅថ្ងៃបន្ទាប់ក្រសួងការបរទេសចិន បានឆ្លើយបកវិញថា ការលើកឡើងរបស់អាមេរិក គឺគ្មានមូលដ្ឋាន និងហេតុផលច្បាស់លាស់។
បើតាមក្រសួងការបរទេសចិន កន្លងមកអាមេរិក បានបញ្ជូននាវាចម្បាំងយន្តហោះចម្បាំងជាច្រើនគ្រឿង និងយន្តហោះស៊ើបការណ៍ជាដើមមកក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលនេះ គឺជាការញុះញង់ និងបំពានអធិបតេយ្យនិងសន្តិសុខរបស់ចិន។ ការណ៍នេះ ចិន បានទទូចឲ្យអាមេរិកឈប់បង្កបញ្ហានិងចូលរួមស្តារសន្តិភាពក្នុងតំបន់នេះល្អជាង។
គួរបញ្ជាក់ថា កន្លងមកប្រទេសវៀតណាម ក៏បានតវ៉ាជាមួយចិនដែរ ជុំវិញសមយុទ្ធយោធានេះ និងទាមទារឲ្យចិនបញ្ឈប់សកម្មភាពយោធាដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា នៅក្បែរប្រជុំកោះParacel។ ចំណែកអាមេរិកវិញ នៅតែបន្តអនុវត្តគោលការណ៍«សេរីភាពនៃនាវាចរណ៍» នៅក្នុងសមុទ្រចិនខាងត្បូង។
បច្ចុប្បន្ននេះ ជម្លោះសមុទ្រចិនខាងត្បូង គឺមានប្រទេសជម្លោះចំនួន៥ ក្នុងនោះមានដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ។តៃវ៉ាន់មិនមែនជាប្រទេសទេ ប៉ុន្តែក៏ជាភាគីនៃជម្លោះដែរ៕ដោយ៖ស តារា