ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រាវជ្រាវន័រវែស អះអាងថា៖ មហាសមុទ្រទឹកកកនៅប៉ូលខាងជើងផែនដី កំពុងរងការបំពុលខ្លាំងឡើងៗ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការដកស្រង់ចេញផ្សាយព័ត៌មានពីទីភ្នាក់ងារ Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នេះថា បើតាមទិន្នន័យពីក្រុមស្រាវជ្រាវ នៅសាកលវិទ្យាល័យ Nord នៃប្រទេសន័រវែស ការធ្វើចរាចរណ៍ឆ្លងកាត់ច្រកផ្លូវមមាញឹកជាងគេរបស់ តំបន់មហាសមុទ្រទឹកកកអាក់ទិច គឺតាមបណ្តោយឆ្នេរតំបន់ស៉ីបេរីនៃប្រទេសរុស្ស៉ី បានកើនឡើងដល់ទៅ៥៨ភាគរយ កាលពីចន្លោះឆ្នាំ២០១៦២០១៩។ជាក់ស្តែងកាលពីឆ្នាំមុន កប៉ាល់ផ្សេងៗបានធ្វើដំណើរសរុប ,៦៩៤ជើងឆ្លងកាត់ច្រកផ្លូវនោះ។

សូមជម្រាបថា ស្របពេលដែលទឹកកកកាន់តែរលាយ វាបានផ្តល់ឱកាសកាន់តែបើកចំហ សម្រាប់ឲ្យកប៉ាល់កាន់តែច្រើន ធ្វើដំណើរឆ្លងកាត់នៅតំបន់សមុទ្រអាក់ទិច។ ប៉ុន្តែប្រការនេះត្រូវគេមើលឃើញថា មិនមែនជារឿងល្អឡើយ សម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាគួរឲ្យបារម្ភរួចស្រាប់ទៅហើយនោះ។

បច្ចុប្បន្ននេះចរាចរណ៍កប៉ាល់ទាំងនោះ ត្រូវបានជំរុញដោយរុស្ស៉ី ចិន និងកាណាដាជាចម្បង ដែលបានដឹកជញ្ជូនរ៉ែដែក, ប្រេង, ឧស្ម័នLNG និងឥន្ធនៈដទៃៗទៀត ឆ្លងកាត់មហាសមុទ្រទឹកកកអាក់ទិច។ បើទោះបីឆ្នាំ២០២០នេះ បាននិងកំពុងរងការយាយីដោយជំងឺរាតត្បាតជាសកលក៏ដោយ ក៏ចរាចរណ៍កប៉ាល់តាមតំបន់អាក់ទិច នៅតែមានការកើនឡើងខណៈបញ្ហានេះបានបង្កការប៉ះពាល់គួរឲ្យកត់សម្គាល់ ដល់វិស័យកប៉ាល់ដឹកជញ្ជូនជុំវិញពិភពលោក។

យ៉ាងណាមិញ កំណើនកប៉ាល់ធ្វើចរាចរណ៍នៅអាក់ទិច គឺជារឿងដ៏គួរឲ្យបារម្ភមួយសម្រាប់បរិស្ថាន ព្រោះថាខណៈកប៉ាល់ធំៗទាំងនោះប្រើប្រាស់ឥន្ធនៈ ពួកវាបញ្ចេញឧស្ម័នកាបូនឌីអុកស៉ីត ព្រមទាំងភាគល្អិតខ្មៅៗ ដែលទៅគ្របដណ្តប់លើផ្ទាំងទឹកក និងដុំព្រិលនៅតំបន់អាក់ទិច។ ប្រការនេះធ្វើឲ្យសារធាតុវិទ្យុសកម្មរបស់ព្រះអាទិត្យ ត្រូវបានស្រូបយកទុកជាជាងជះចេញទៅក្រៅស្រទាប់បរិយាកាសវិញ ហើយជាលទ្ធផលបណ្តាលឲ្យបញ្ហាកើនឡើងសីតុណ្ហភាព នៅតំបន់នោះកាន់តែធ្ងន់ធ្ងរ។

អ្នកវិទ្យាសាស្រ្ត បានអះអាងទៀតថា ក្នុងអំឡុងពេល ៣ទសវត្សរ៍ចុងក្រោយនេះ សីតុណ្ហភាពនៅតំបន់មហាសមុទ្រទឹកកកអាក់ទិច បានកើនឡើងលឿនជាងតំបន់ផ្សេងទៀតនៃពិភពលោក យ៉ាងហោចណាស់ទ្វេដងរួចស្រេចទៅហើយ៕ដោយ៖ស តារា


ចែករំលែក៖