ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ឧបត្ថម្ភថវិកា​ ២០,០០០ដុល្លារអាមេរិក​ ដល់មន្ទីរពេទ្យ​កុមារអង្គរ​​​ នៅខេត្តសៀមរាប​

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃសៅរ៍ ១១កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ២៩​ ខែសីហា​ ឆ្នាំ​២០២០នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានឧបត្ថម្ភថវិកា​ចំនួន​ ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក)​​ ដល់មន្ទីរពេទ្យ​កុមារអង្គរ​ ខេត្តសៀមរាប​ ក្នុងឱកាសដែល​មន្ទីរពេទ្យនេះ​ ប្រារព្ធកម្មវិធី​បុណ្យផ្កាប្រាក់មហាសាមគ្គី​ ឆ្នាំទី​៧​ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាល​ និងថែទាំសុខភាព​កុមារ-ទារក​ប្រមាណ​ជាង​ ៥០០នាក់​ ក្នុង​មួយថ្ងៃ​ដោយឥតគិតថ្លៃ។​

ក្នុងឱកាសសំណេះសំណាលនោះ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីនឹករលឹក​ ជាពិសេស​ ការថ្លែងអំណរគុណ​ និងកោតសរសេីរ​ដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ និងបុគ្គលិកទាំងអស់នៃ​មន្ទីរពេទ្យកុមារអង្គរ​ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត​ ជួយសង្រ្គោះព្យាបាល​ ផ្តល់ក្តីអាណិតស្រឡាញ់​ ភាពកក់ក្តៅ​ និងក្តីសង្ឃឹមដល់កុមារ​ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់​ ប្រកបដោយ​ស្នាមញញឹម។ 

ជាមួយគ្នានេះ​ លោកស្រីអគ្គលេខាធិការរងទី១​ បានបញ្ជាក់​បន្ថែមថា​ ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីម​ថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រី​ និងកុមារ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែគិតគូរ​ យកចិត្តទុកដាក់បំផុតលេីការលេីកកម្ពស់សុខុមាលភាពរបស់​ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលក្នុងនោះ​ការរួមចំណែកជួយព្យាបាលកុមារកម្ពុជា​រាប់ម៉ឺននាក់​ តាមរយៈ​ ការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា​ នូវថវិកា​ ១លាន​ដុល្លារអាមេរិក​ជារៀងរាល់ឆ្នាំ​ គិតចាប់តាំងពីឆ្នាំ២០១២​ រៀងមក។ ដោយឡែក​ សម្រាប់​មន្ទីរពេទ្យកុមារអង្គរ​ នេះជាការឧបត្ថម្ភជាលេីកទី២​ ពី​កាកបាទក្រហមកម្ពុជា​ ដែលលេីកទី១​ បានផ្តល់ជូនចំនួន​ ៥០,០០០ដុល្លារអាមេរិក​ ក្នុងខែមិថុនា​ ឆ្នាំ២០១៩កន្លងទៅ។ 

ជាកិច្ចឆ្លេីយតប​ ថ្នាក់ដឹកនាំ​ បុគ្គលិក​ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរឧបត្ថម្ភ​ជាបន្តបន្ទាប់​ ដែលនេះជាការលេីកទឹកចិត្តដ៏ថ្លៃថ្លា​ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ​ ក្នុងការព្យាបាលកុមារកម្ពុជា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖