តាមតួលេខរបស់ Nielsen បានបង្ហាញឲ្យឃើញថា ក្នុងមហាសន្និបាតរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បណ្តាញសង្គមផ្សេងៗ បង្ហាញឲ្យឃើញថា ចំនួនអ្នកទស្សនាលោកត្រាំ មានតិចជាងឆ្ងាយពីចំនួនអ្នកទស្សនាលោក ចូ បៃឌិន។
ចំណែកកាលពីឆ្នាំ២០១៦ នៅពេលនោះពលរដ្ឋអាមេរិកទស្សនាលោកត្រាំ ខ្ពស់ជាងលោកស្រីហុីលឡារី គ្លីនតុន ហើយលទ្ធផលបោះឆ្នោត ជ័យជម្នះក៏បានទៅលើប្រធានាធិបតីដូណាល់ ត្រាំ ។
ក្រោយមហាសន្និបាតគណបក្សសាធារណរដ្ឋ លោកត្រាំបានអួតអាងនៅលើបណ្តាញសង្គម Twitter ថា នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃទី២៧ខែសីហា បានទាក់ទាញអ្នកទស្សនា និងវាយតម្លៃវិជ្ជមានជាច្រើន។ ផ្ទុយទៅវិញ តាមតួលេខផ្លូវការរបស់ Nielsen បានបង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋ តាមដានលោកត្រាំ តិចជាងលោកចូបៃឌិន។
ជាក់ស្តែង នៅយប់ទី១នៃមហាសន្និបាតបក្សទាំងពីរ ក្នុងសុន្ទរកថារបស់ភរិយាអតីតប្រធានាធិបតីអាមេរិក Michelle Obama បានទាក់ទាញអ្នកទស្សនាជាង១៨,៧លាននាក់។ ចំណែកសុន្ទរកថារបស់ សមាជិកព្រឹទ្ធសភា Tim Scott និងមន្ត្រីមួយចំនួនរបស់គណបក្សសាធារណរដ្ឋទទួលបានចំនួនទស្សនាតែ ១៥,៨លាននាក់ប៉ុណ្ណោះ។
យប់ទីពីរនៃមហាសន្និបាត គឺមានចំនួនអ្នកទស្សនាប្រហាក់ប្រហែលគ្នា គឺសុន្ទរកថារបស់លោកស្រីJill Biden ភរិយាលោក ចូ បៃឌិន ទាក់ទាញអ្នកទស្សនា១៨,៦លាននាក់។ ចំណែកការថ្លែងសុន្ទរកថារបស់លោកស្រី Melania Trump មានអ្នកទស្សនា១៨លាននាក់ ។
យប់ទី៣ ការថ្លែងសុន្ទរកថារបស់បេក្ខភាពអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រីKamala Harris ទទួលបានការទស្សនា២១,៥លាននាក់។ ចំណែក អនុប្រធានាធិបតី Mike Pence ទទួលបានការទស្សសនាតែ១៥,៧លាននាក់ប៉ុណ្ណោះ។
យប់ចុងក្រោយ សំខាន់បំផុត គឺសុន្ទរកថារបស់ប្រធានាធិបតីត្រាំទទួលបានការទស្សនាតែ១៤,១លាននាក់នៅលើបណ្តាញទូរទស្សន៍ចំនួន៣ និង ទូរទស្សន៍ខ្សែកាប្លិ៍ចំនួន៣ផងដែរ។ ចំណែកលោក បៃឌិនវិញទទួលបានការទស្សនា១៧,៥លាន នាក់៕ដោយ៖ធី រីណា