ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបញ្ចេញកញ្ចប់ថវិកា សង្គ្រោះសេដ្ឋកិច្ច​១៥ពាន់លានអឺរ៉ូ និងកំណត់គោលដៅ១០ឆ្នាំ

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាស កញ្ចប់ថវិកាអភិវឌ្ឍន៍សេដ្ឋកិច្ចមានទឹកប្រាក់​១៥ពាន់លានអឺរ៉ូ ជួ​យដល់វិស័យ​ឧស្សាហកម្ម​។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ​ប្រធានាធិបតីម៉ាក្រុង​ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច​គឺមានរយៈពេលវែងដល់ទៅ​១០ឆ្នាំ។
លោកម៉ាក្រុងបន្តទៀតថា​គម្រោងខាងលើនឹងកំណត់​គោលដៅជួយឲ្យប្រទេសបារាំង​មានឥទ្ធិពលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ​ និងកាន់តែខ្លាំងជាងនេះនៅឆ្នាំ​២០៣០។ ការសម្រេចចំណាយប្រាក់ដ៏ច្រើនខាងលើ ក្រោយពេលបារាំង​ប្រឈមការឆ្លងរាលដាលកូវីដ​-១៩ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
បើតាមអាជ្ញាធរសុខាភិបាលបារាំង បូកបញ្ចូលករណីឆ្លងថ្មីខាងលើ អ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ជាង ២៦៧,០០០នាក់ហើយ ខណៈអ្នកស្លាប់ក៏បានកើនដល់ជិត ៣០,៦០០នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មីៗ ២០នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រដូចគ្នា។ ចំណែកឯអ្នកជំងឺ ៨៦,១៧៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺជាង ១៥០,៣០០នាក់កំពុងបន្តសម្រាកព្យាបាល។
ប្រទេសបារាំងបានដាក់ចេញនូវ វិធានការបិទប្រទេសយ៉ាងតឹងរុឹង កាលពីខែមីនា ដែលប្រជាជនភាគច្រើន ត្រូវបានបង្ខាំងឲ្យសម្រាកនៅផ្ទះ ហើយវិធានការរឹតត្បិតនេះ ត្រូវបានដកចេញបណ្ដើរៗ ចាប់តាំងពីថ្ងៃទី១១ ខែឧសភាមកម្ល៉េះ បន្ទាប់ពីអត្រាឆ្លង COVID-19 បានធ្លាក់ចុះយ៉ាងខ្លាំង។
គួរបញ្ជាក់ថា អត្រាឆ្លងបានកើនឡើងវិញយ៉ាងរហ័ស បន្ទាប់ពីប្រទេសបារាំងសម្រេចចិត្ត បើកភោជនីយដ្ឋាន, សារៈមន្ទីរ, និងផ្សារទំនើបឡើងវិញ ដែលអត្រាឆ្លងនេះបានធ្វើឲ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចក្រែងវាបង្ខំឲ្យរដ្ឋាភិបាលបារាំង ពិចារណាក្នុងដាក់ចេញនូវ វិធានការបិទប្រទេសសារជាថ្មីម្ដងទៀត៕ដោយ៖ធី រីណា


ចែករំលែក៖