ភ្នំពេញ ៖ យុវជនម្នាក់ជានិស្សិតឆ្នាំទី១បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តមួយគ្រឿង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១១និង១០នាទីយប់ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវបេតុងច្រកចូលបឹងតាម៉ាតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកបើករថយន្តមានឈ្មោះ អេង សុហាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបបើករថយន្ត មានស្រុកកំណើតនៅភូមិកំព្រៅ ឃុំព្នៅ១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
រីឯសពរងគ្រោះមានឈ្មោះ ទិត្យ ពណ្ណារាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី១ ស្នាក់នៅភូមិសាមគ្គី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញយុវជនពីរនាក់ជិះម៉ូតូស្គូពី ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GO-9728 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកូរ៉េក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3E.5106 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យយុវជនជាបងដែលអង្គុយខាងក្រោយបោកក្បាលនឹងរថយន្តរងរបួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យតបានដាច់ខ្យល់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្ត្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញក្រុងបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នង ការដ្ឋានរាជធានីភ្នំពេញចាត់ការបន្ត។ ដោយឡែកសពជនរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ