កាលពីថ្ងៃទី២៩ខែសីហា កម្លាំងទាហានហ្វុីលីពីនម្នាក់ស្លាប់ និងក្រុមឧទ្ទាមAbu Sayyaf ២នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅតំបន់ព្រៃភ្នំស្ថិតនៅក្នុងខេត្ត ស៊ូលូ (Sulu)។
កម្លាំងទាហានហ្វុីលីពីនបានប្រកាសថា មានទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស ចំណែកក្រុមឧទ្ទាមAbu Sayyaf ស្លាប់២នាក់ និង៣០នាក់រងរបួសនៅក្នុងការវាយប្រហារគ្នាកាលពីថ្ងៃទី២៩ខែសីហា។
លោក William Gonzales មេបញ្ជាការកម្លាំងទាហានហ្វុីលី
ពីនបានឲ្យដឹងថា ការវាយប្រហារ
គ្នាបានអូសបន្លាយរយៈពេល៣០នាទី ស្ថិតនៅភូមិមួយក្នុងស្រុកPatikul ខេត្តស៊ូលូ។ ការវាយប្រហារកើតឡើងក្រោយពេលដែលកម្លាំងទាហានហ្វុីលីពីនតាមចាប់ខ្លួនក្រុមភេរវកម្មអាប៊ូសាយយ៉ាហ្វ ដែលវាយប្រហារភេរវកម្មអត្តឃាត២កន្លែងផ្សេងគ្នានៅក្នុងទីក្រុង Jolo ខេត្តSulu ។
ការវាយប្រហារនៅក្នុងទីក្រុង Jolo កើតឡើងនៅថ្ងៃទី២៤ខែសីហា បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ និង៧៥នាក់រងរបួស។ទីក្រុង Jolo ជាទីតាំងធ្វើសកម្មភាពខ្លាំងបំផុត របស់ក្រុមឧទ្ទាមAbu Sayyaf ដោយតែងតែចាប់ជំរិតវាយប្រហារភេរវកម្ម សម្លាប់មនុស្សជាច្រើន។ កាលពីថ្ងៃទី២៧ខែកក្កដាមានករណីវាយប្រហារពីរលើកនៅព្រះវិហារក្នុងតំបន់នេះសម្លាប់មនុស្ស ២៣នាក់ និង រងរបួស៩៥នាក់ ៕ដោយ៖ធី រីណា