ព័ត៌មានទាន់ហេតុការណ៍៖

បេឡារូស ដកហូតលិខិតអ្នកសារព័ត៌មានបរទេសមួយចំនួន ផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

     អន្តរជាតិ៖រដ្ឋាភិបាល​បេឡារូស​បានដកហូតលិខិត អនុញ្ញាតដល់អ្នកសារព័ត៌មានបរទេស ​២០នាក់ ដោយចោទប្រកាន់ថា​បានផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល​ និងជំរុញឲ្យមានបាតុកម្ម ផ្ទុះឡើយ​ក្នុងប្រទេសនេះ​។
តាមតួលេខ​របស់សមាគមអ្នកសារព័ត៌មាន​បេឡារូស​ បានឲ្យដឹងថា មានអ្នកសារព័ត៌មានបរទេស​១៧រូប កំពុងតែបំពេញការងារនៅក្នុងប្រទេសបេឡារូស​ មកពីបណ្តាញព័ត៌មានធំៗ​នៅលើពិភពលោក ដូចជា ​​BBC, Reuters…ជាដើម។ មកទល់ពេលនេះ ក្រសួងការបរទេស​បេឡារូស​មិនទាន់វិភាគអ្វី​ជុំវិញការបញ្ហាខាងលើនោះឡើយ។
នៅក្នុងសេចក្តីប្រកាសថ្មីបំផុត​ សារព័ត៌មានរ៉យទ័របានបញ្ជាក់ថា​​ក្រុមអ្នកសារព័ត៌មាន ត្រូវដកហូតលិខិតអនុញ្ញាតបំពេញការងារ​ ក្នុងប្រទេសបេឡារូសនោះ គឺមិនបានបំពានច្បាប់​ណាមួយនោះឡើយ​។​ សារព័ត៌មានរ៉យទ័រ បានអំពាវនាវដល់រដ្ឋាភិបាល ផ្តល់លិខិតជាថ្មីដល់អ្នកសារព័ត៌មាន បរទេស​១៧រូប ដែលអាចផ្សព្វផ្សាយព័ត៌មានដោយមានតម្លាភាព​ ស្តីពីអ្វីដែលកំពុងកើតឡើងក្នុងប្រទេសបេឡារូស​។
កាលពីចុងខែកកក្កដា​ប្រធានាធិបតី បេឡារូស លោក​ Lukashenko ធ្លាប់បានគំរាមកំហែង នឹងបណ្តេញអ្នកសារព័ត៌មាន បរទេស ដែលបំផុតបំផុលឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាល​។ កាលពីសប្តាហ៍កន្លងមក អ្នកសារព័ត៌មាន​៥០នាក់ ត្រូវបានកោះហៅទៅកាន់ស្នងការប៉ូលិស ដើម្បី ត្រួតពិនិត្យឯកសារផ្លូវច្បាប់​ ក៏ដូចជាគោលដៅ​នៃការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រោយការបោះឆ្នោត​៕

ដោយ៖ធី រីណា


ចែករំលែក៖