កាណាដាបានប្រកាសលុបកិច្ចព្រមព្រៀងសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិនCanSino ដោយលើកយកមូលហេតុថា ក្រុមហ៊ុនបញ្ជូនវ៉ាក់សាំងមកយឺតយ៉ាវមិនទាន់ពេលវេលា ។
គណៈកម្មការស្រាវជ្រាវជាតិកាណាដា (NRC) ដែលទទួលបានការផ្តល់ជំនួយពីរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃទី២៩ខែសីហាថា ការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំណាក់កាលទី៣របស់ក្រុមហ៊ុនចិនCanSino នឹងមិនត្រូវបានសាកល្បងនៅកាណាដាឡើយ។
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុន CanSino មានឈ្មោះថាAd5-nCoV ត្រូវបានក្រុមស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន ដឹកនាំដោយលោកChen Wei សហការជាមួយក្រុមហ៊ុន ឱសថCanSino ក្នុងការផលិត។
មន្ត្រីសុខាភិបាលកាណាដាបានលើកឡើងថា «ដោយសារតែភាពយឺតយ៉ាវក្នុងការបញ្ជូនវ៉ាក់សាំងផលិតដោយក្រុមហ៊ុន CanSino។ មួយវិញទៀតការសាកល្បងដំណាក់កាលចុងក្រោយបានធ្វើឡើងនៅក្នុងប្រទេសជាច្រើនរួចមកហើយ ទើបកាណាដាសម្រេចលុបចោលគម្រោងធ្វើតេស្តចុងក្រោយ»។
វ៉ាក់សាំងAd5-nCoVត្រូវបានផលិតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រចិន ពេលនេះបានសាកល្បងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសជាច្រើនផ្សេងទៀត។ នៅពេលដ៏ខ្លីខាងមុខវ៉ាក់សាំងនេះនឹងចរាចរជាផ្លូវការនៅលើទីផ្សារអន្តរជាតិ៕
ដោយ៖ធី រីណា