ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីការពារជាតិជប៉ុន អះអាងថា៖ ដាច់ខាតមិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញនេះ លោក តារ៉ូ កូណូរដ្ឋមន្រ្តីការពារជាតិជប៉ុន បានលើកឡើងថា លោក និងសមភាគីអាមេរិកលោក ម៉ាក អេស្ព័រ (Mark Esper) ជំទាស់ជាដាច់ខាត មិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ជាឯកតោភាគីនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ។

លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងប្រាប់អ្នកសារព័ត៌មានជប៉ុន ពីកោះGuam តាមរយៈអនឡាញ យ៉ាងដូច្នេះថា៖ «យើងយល់ព្រមថា សហគមន៍អន្តរជាតិ នឹងឆ្លើយតបយ៉ាងសាកសមបំផុត ទៅនឹងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក៏ដូចជាសមុទ្រចិនខាងកើត» លោករដ្ឋមន្រ្តីការពារជាតិជប៉ុន បានលើកឡើងបែបនេះបន្ទាប់ពីមានជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ម៉ាក អេស្ព័រ នៅកោះGuam

សូមជម្រាបថា ក្នុងជំនួបមន្ត្រីជាន់ខ្ពស់អាមេរិក និងជប៉ុនខាងលើនេះ លោកតារ៉ូ បានចែករំលែកការយល់ឃើញមួយចំនួនជាមួយលោក អេស្ព័រ ពីការពារមីស៊ីលនៅក្នុងតំបន់ ការកើនឡើងនៃភាពតានតឹងរវាងអាមេរិក និងចិន និងបញ្ហាសន្តិសុខជាដើម។ ជាមួយគ្នាដែរ ជំនួបនេះធ្វើឡើងស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា ក្នុងនោះមានដូចជា បញ្ហាCOVID-19 ហុងកុងកោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្មជាដើម។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក មកកោះGuam ធ្វើឡើងនៅចំពេលជម្លោះសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅ។ ខណៈដែលចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅក្នុងតំបន់នេះ។ សមយុទ្ធយោធាចុងក្រោយ ចិនបានប្រព្រឹត្តឡើងនៅក្បែរប្រជុំកោះParacel ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ដែលបង្កឲ្យភាគីវៀតណាមជំទាស់យ៉ាងខ្លាំង។

ដោយឡែកសមុទ្រចិនខាងកើតវិញ ចិន និងជប៉ុន ក៏មិនបានមើលមុខគ្នាចំដូចគ្នា ជុំវិញជម្លោះលើកោះSenkaku ដែលចិនហៅថា Diaoyuបច្ចុប្បន្នកោះ Senkaku នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ខណៈពេលចិននៅតែអះអាងថា ជាកោះរបស់ខ្លួន៕ដោយ៖ស តារា


ចែករំលែក៖