លីបង់៖ ការផ្ទុះសារធាតុគីមីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រទេសលីបង់ បានកើតឡើងតាំងពី២៦ថ្ងៃមុន ។ នៅពេលនេះតួលេខស្តីពីចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ជិត២០០នាក់ និង ជាង៦៥០០នាក់រងរបួស។
សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានដកស្រង់ការប្រកាសរបស់ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានប្រកាសថាតួលេខអ្នកស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅឯកំពង់ផែទីក្រុង Beirut នាពេលកន្លងទៅនេះ គឺអ្នកស្លាប់បានកើនដល់ ១៩០នាក់ ខណៈអ្នករបួសកើនដល់ជាង ៦,៥០០នាក់។
ការផ្ទុះកើតឡើងនៅថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២០ និងត្រូវបានរដ្ឋាភិបាលលីបង់អះអាងថា បង្កឡើងដោយការឆេះនិងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ២.៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែរដ្ឋធានីបេរូត អស់រយៈពេល០៦ឆ្នាំមកហើយ។
ជាមួយគ្នានេះដែរ ក៏នៅ មានមនុស្សចំនួន ០៣នាក់កំពុងបាត់ខ្លួននៅឡើយផងដែរ ខណៈមនុស្សប្រមាណជាង ៣០០.០០០នាក់ទៀត បានបាត់បង់ផ្ទះសម្បែង។ រដ្ឋាភិបាលលីបង់បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសាងសង់ឡើងវិញ ដោយមានជំនួសពីបរទេសដ៏ច្រើន ក្នុងនោះមានបារាំង និងប្រទេសតំបន់អឺរ៉ុបផ្សេងទៀត។ សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីម៉ាក្រុង បានទៅដល់កន្លែងកើតហេតុនៅទីក្រុងបេរូត មុនគេបង្អស់៕
ដោយ៖ធី រីណា