ខេត្តបាត់ដំបង៖ អគ្គិភ័យបានពន្លត់ឱ្យរលត់ទាំងស្រុងហើយនៅវេលាម៉ោងជាង ៨យប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ។ នេះបើតាមការអះអាងពីអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបូង លោក ងួន រតនៈ ខណៈលោកបាន ដឹកនាំប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្សារធំ ហៅផ្សារណាត់ខេត្តបាត់ដំបង ហើយអគ្គិភ័យបានឆាបឆេះនៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
លោកថា៖ អគ្គិភ័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនីនៅតាមតូបលក់ដូរក្នុងផ្សារ ប៉ុន្តែក្រោយប្រតិបត្តិការញាប់ដៃញាប់ជើងរយៈពេលជាងពីរម៉ោងអគ្គិភ័យត្រូវបានពន្លត់រលត់ទៅវិញទាំងស្រុង ហើយតូបប្រមាណជា ៥០តូប បានរងការឆាបឆេះ នេះជាការបញ្ជាក់ពី លោក ងួន រតនៈ អភិបាលខេត្ត។
អាជ្ញាធរមិនទាន់អាចបូកសរុបទំហំនៃការខូចខាតបណ្តាលពីអគ្គិភ័យនេះនៅឡើយ ខណៈប្រតិបត្តិការពន្លត់នេះ បានប្រើប្រាស់ទឹកអស់ប្រមាណជា ៣០រថយន្តឯណោះ៕
ដោយ៖ សិលា