ខេត្តក្រចេះ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនស្គរជ័យ និងគងជ័យ ដែលជាអំណោយរបស់ លោក យិន សារ៉ាន់ អគ្គរងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី អ៊ាន អេឡែន ដល់ព្រះសង្ឃនៅវត្តសំបុក និងថ្វាយគ្រឿងសក្ការៈ បួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣២០គ្រួសារ ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ខែសីហាឆ្នាំ២០២០ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
លោកស្រី បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ អំឡុងពេលដែលមេរោគកូវីដ-១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងជាង ២៥លាននាក់ និងស្លាប់ជាង ៨៤ម៉ឺននាក់។ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រ ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលក៏ដូចជំនួយសប្បុរសធម៌ជូនដល់ពួកគាត់ភ្លាមៗតែម្ដងពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយហើយក៏មិនទុកឲ្យពួកគាត់នៅឯការឡើយ។ ជាពិសេស ការដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ ជុំទី២ លើកទី១ របស់រាជរដ្ឋាភិបាល។
លោកស្រី ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវ៖
១. ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព។
២. គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ ។
៣. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ក្នុងការកំណត់អត្តសញ្ញាណគ្រួសារ ក្រ១ និងក្រ២ ដើម្បីបានទទួលការឧបត្ថម្ភពី រាជរដ្ឋាភិបាលក្នុងដំណាក់កាលកូវីដ-១៩ ។
៤. ត្រូវបន្តជំរុញផ្នែកកសិកម្ម ដូចជា ការដាំដុះ ការចិញ្ចឹមសត្វដើម្បីលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃ ក្នុងអំឡុងពេលកូវីដ-១៩ ។
អំណោយដែល លោកស្រី កិត្តិសង្គហបណ្ឌិតនាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រនិងជនពិការយាយជី តាជី ជាង ៣២០គ្រួសារ នាពេលនោះដោយក្នុងមួយគ្រួសារទទួលបានក្រម៉ា ១ សារ៉ុង១ (ចំណែក យាយជី តាជី ទទួលបានក្រណាត់ ស ១ដុំ ) និងថវិកាមួយចំនួន រួមជាមួយគ្រឿងឧប្បភោគមួយចំនួនទៀត៕
ដោយ៖ សិលា