ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវក្រុមចោរប្រដាប់អាវុធភ្ជង់ប្លន់យកម៉ូតូ រួមទាំងលុយជាង២ពាន់ដុល្លារដល់មុខផ្ទះនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម​បានធ្វេីសកម្មភាពយកកាំភ្លេីងខ្លីមួយដេីមភ្ជង់ប្លន់យកម៉ូតូ និងលុយចំនួន២៥០០ដុល្លារពីយុវជនម្នាក់បានសម្រេច  រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នៅចំណុចក្បែររបងសាកលវិទ្យាល័យ

ភូមិន្ទកសិកម្ម តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

    ជនរងគ្រោះមាន ឈ្មោះ រឹម រ៉ាឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ នៅផ្សារប៉េសេ ស្នាក់នៅកន្លែងកើតហេតុ​ ផ្ទះអត់លេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ 

    បេីតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1HZ-8790​ តែម្នាក់ឯងចេញពីផ្សារប៉េសេ​ដែលជាកន្លែងលក់ដូរ របស់គាត់ដូចសព្វដង ។ ខណៈរូបគាត់ ជិះម៉ូតូទៅដល់ខាងមុខផ្ទះរបស់ខ្លួនដែលជាចំណុចកេីតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឈប់ជិតម៉ូតូរបស់គាត់ រួចជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក២នាក់នេះបានដេីរមកជិតរូបគាត់ និងបាននិយាយទៅកាន់រូបគាត់ថា ” ពួកខ្ញុំសុំធ្វេីការឆែកឆេរ បន្តិចបន្តួច ” ។ ភ្លាមៗ នោះដែរ ជនសង្ស័យខាងលើក៏បានដកកាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាកមកអាម៉េ និងភ្ជង់ប្លន់យកម៉ូតូរបស់គាត់ រួមទាំង កាបូបស្ពាយ ដែលរូបគាត់ស្ពាយជាប់និឹងខ្លួន ។ ដោយសាររូបគាត់ភ័យខ្លាចជនសង្ស័យបាញ់ ក៏ព្រមប្រគល់កាបូប និងម៉ូតូឲ្យទៅក្រុមជនសង្ស័យ ។ រួចក្រុមជនសង្ស័យក៏បាននាំគ្នាឡេីងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ដោយបន្សល់ទុកគ្រាប់កាំភ្លើងចំនួន១គ្រាប់ជ្រុះនៅកន្លែងកេីតហេតុ។  

    ជនរងគ្រោះបានបន្តថា នៅក្នុងកាបូបស្ពាយ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​រួម​ជាមួយ​និឹង​ម៉ូតូ​ គឺមាន​ទូរស័ព្ទ​ដៃ​ម៉ាក​OPPO មួយ​គ្រឿង​ ម៉ាក​Iphone7+ម៉ាក​គ្រឿង​ និង​លុយ​ចំនួន​២៥០០ដុល្លារ​ រួម​ទាំង​សម្ភារមួយ​ចំនួន​ទៀត​។ 

    ក្រោយ​ពេលកេីតហេតុ​  សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មកប្រមូលវត្ថុ​តាងដែលជន​សង្ស័យ​បន្សល់​ទុក​ ​និង​នាំ​ជនរងគ្រោះ​ទៅដាក់​ពាក្យបណ្ដឹងនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ ដេីម្ប​ងាយ​ស្រួល​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​តាមស្វែងរកមុខជនសង្ស័យចាប់យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​ ​៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖