រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ថា សហគមន៍អឺរ៉ុបនិងចិន ចាំបាច់ត្រូវតែសហការគ្នាប្រឆាំងនឹងសកម្មភាពស្អប់ខ្ពើម ប្រឈមមុខ ដាក់គ្នា អាត្មានិយម របស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក។
មានប្រសាសន៍ពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៣០ ខែសីហា លោកវ៉ាង យីបានបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនឹងចិន កំពុងតានតឹងយ៉ាងខ្លាំង ។ ការប្រឈមមុខតានតឹងនេះដោយសារតែភាពអាត្មានិយមរបស់ថ្នាក់ដឹកនាំអាមេរិក។
សារព័ត៌មាន SCMPនៅថ្ងៃទី៣១ខែសីហាបានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចទៅកាន់៥ប្រទេសតំបន់អឺរ៉ុប មានអុីតាលី ហុល្លង់ បារាំង ន័រវេស និងអាល្លឺម៉ង់ ដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែប្រសើរ ឡើងក្នុងពេលដែលចិនកំពុងប្រឈមមុខតានតឹងជាមួយអាមេរិក។
ក្នុងពេលទស្សនកិច្ចនៅអឺរ៉ុប លោក វ៉ាង យី បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលមានសកម្មភាពដាក់គំនាប អូសទាញបណ្តាប្រទេសឲ្យប្រឈមមុខតានតឹងជាមួយចិន ធ្វើឲ្យស្ថានភាពនៅលើពិភពលោកកាន់តែតានតឹងថែមទៀត។
រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា «ដើម្បីប្រវត្តិសាស្ត្រមនុស្សជាតិ និងភាពស្ថិតស្ថេរ ចិននិងអឺរ៉ុបត្រូវតែសាមគ្គីគ្នា ដើម្បីប្រឆាំងការបំបែកបំបាក់មនុស្សជាតិ ឲ្យស្អប់គ្នា »។
កន្លងមកថ្មីៗ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកRobert O’Brien បានបំពេញទស្សនកិច្ចនៅប្រទេសបារាំងដើម្បីពិភាក្សាពីការគំរាមកំហែងពីចិនទៅលើវិស័យជាច្រើន ក្នុងនោះមានសន្តិសុខជាតិជាដើម៕ដោយ៖ធី រីណា