បេឡារូស៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្រសួងការពារជាតិ បេឡារូសបានប្រកាសថា កម្លាំងទាហានរបស់លោកបានខិតខំហ្វឹកហាត់នៅតំបន់ Grodno ដើម្បីទប់ស្កាត់ការឈ្លានពានរបស់សត្រូវដែលអាចកើតឡើង។
ជាមួយគ្នានេះដែរប្រធានាធិបតី បេឡារូស លោក Lukashenko បានបញ្ជាក់ថា នឹងប្រើប្រាស់កម្លាំងទាហានរួមជាមួយរុស្ស៊ីដើម្បីទប់ស្កាត់ការឈ្លានពាន ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋាភិបាលបេឡារូសបារម្ភយ៉ាងខ្លាំងពីការឈ្លានពានលូកដៃពីខាងក្រៅចូលកិច្ចការផ្ទៃក្នុង។
ជាមួយគ្នានេះដែរ វិមានក្រឹមឡាំង រុស្ស៊ី បានប្រកាសថា ប្រធានាធិបតីពូទីនបានជួបពិភាក្សាជាមួយប្រធានាធិបតីបេឡារូស លោក Alexander Lukashenko ហើយភាគីទាំងពីរបានព្រមព្រៀងជួបពិភាក្សាគ្នាដោយផ្ទាល់នៅទីក្រុងមូស្គូនាពេលខាងមុខ។ ទន្ទឹមនឹងនោះ មេដឹកនាំទាំងពីរក៏បានពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។
កាលពីថ្ងៃទី៣០ ខែសីហា មានពលរដ្ឋប្រមាណ១សែននាក់ បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងMinsk ទាមទារឱ្យប្រធានាធិបតីLukashenkoចុះចេញពីតំណែង។ ក្រុមបាតុករបានដង្ហែក្បួនទៅកាន់វិមានប្រធានាធិបតី ប៉ុន្តែទៅដល់វិមានឯករាជ្យក៏ត្រូវកម្លាំងប៉ូលិស មានរថពាសដែករារាំង។
ជាមួយគ្នានេះដែររដ្ឋាភិបាលរបស់ប្រធានាធិបតីLukashenko បានប្រកាសថា សភាកំពុងតែពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់រដ្ឋម្មនុញ្ញថ្មីបន្ថែមដើម្បីបញ្ចប់វិបត្តិ។ ប្រធានាធិបតីLukashenkoធ្លាប់បានលើកឡើងថា នឹងមានការបោះឆ្នោតជាថ្មី ក្រោយពេលច្បាប់រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័ត៕ដោយ៖ធី រីណា