ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ បានបើកកិច្ចប្រជុំពិភាក្សាសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាង ជប៉ុន និងកម្ពុជា ដឹកនាំដោយ
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ធ្វើឡើងនៅទីស្ដីក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ ក្នុងគោលបំណង ពិភាក្សារួមគ្នា ស្នើសុំបើកជើងហោះហើររវាង ជប៉ុន-កម្ពុជាឡើងវិញ ដើម្បីជាការអនុញ្ញាតឱ្យនិស្សិតខ្មែរ បានបន្ដការសិក្សានៅជប៉ុន និងបើកទំនាក់ទំនងផ្នែក អ្នកវិនិយោគិន និងធុរជន ដែលត្រូវមកធ្វើការពាណិជ្ជកម្មនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ និងមានការចូលរួមមន្ត្រីជាន់ខ្ពស់ពី ក្រសួងការបរទេស, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគណៈកម្មការអន្ដរក្រសួងទាំងអស់។
សូមជម្រាបថា ៖ កន្លងមកកម្ពុជាមិនបានបិទជើងហោះហើរពីជប៉ុននោះទេ តែដោយសារជប៉ុន បានសម្រេចប្រកាសដាក់ប្រទេសរបស់ខ្លួនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 រហូតដល់ខែឧសភាកន្លងទៅ។ ហើយបើគិតចាប់តាំងពីកម្ពុជា អនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ជនជាតិជប៉ុនចំនួន ៣៧៥នាក់ ត្រូវបានធ្វើដំណើរមកកម្ពុជា។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា ៖ កិច្ចប្រជុំនេះ បានឯកភាពជាគោលការណ៍ហើយ នឹងធ្វើជារបាយការណ៍ ដើម្បីសូមឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា៕
ដោយ៖ សិលា