ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ ដើម្បីពិនិត្យវឌ្ឍនភាពកន្លងមក និងពិភាក្សាលើការងារមួយចំនួន ក្រោមអធិបតី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់សំណាងក្រសួង ស្ថាប័ន តំណាងអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ យ៉ាងច្រើនផងដែរ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ។
សូមរំឮកថា៖ កាលពីថ្ងៃទី៣០ ខែឧសភាកន្លង ស្តូបអនុស្សាវរីយ៍វិមាននយោបាយឈ្នះ ឈ្នះ ត្រូវបានបញ្ចុះបឋមសិលានៅក្នុងទឹកដីខេត្តកោះកុងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
ដោយ៖ សិលា