ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អគារអង្គរមានជ័យ ទល់មុខអតីតអគារប៊ីអេស ចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតទេ អាជ្ញាធររាជធានីអញ្ជើញពលរដ្ឋប្រជុំរកដំណោះស្រាយមុនមានហានិភ័យកើតឡើង

ចែករំលែក៖

ភ្នំពេញ៖ អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំហើយ ។ ដោយមើលឃើញពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើអគារនេះមកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឱ្យបានសមស្រប ជៀសវាងបាននូវហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុពីអគារចាស់នេះ។
ការផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះប្រមាណជិត១០០នាក់។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងស្ថិតនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្សកែងនិឹងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ជាយថាហេតុ។ ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជៀសឱ្យបាននូវហានិភ័យផ្សេងៗដែលនឹងអាចកើតចេញពីអគារចាស់នេះ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ការកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របដែលបងប្អូនប្រជាពលរដ្ឋចង់បាន ។ អាជ្ញាធររាជធានីភ្នំពេញរក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញរក្សាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀតគឺដើម្បីរក្សាការពារនូវអាយុជីវិតរបស់បងប្អូន ដោយបងប្អូនប្រជាពលរដ្ឋមិនអាចរស់នៅក្នុងអគារនេះបានទៀតទេ។
លោកអភិបាលរាជធានីភ្នំពេញក៏បានបន្តលើកឡើងផងដែរថា រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបើបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នាដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។
លោកអភិបាលបន្តទៀតថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់បែបសព្វថ្ងៃនេះទេ។
ក្នុងឱកាសនោះដែរ បងប្អូន ប្រជាពលរដ្ឋ ៤ទៅ៥នាក់ក៏បានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែននិងសូមឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដោយដោះស្រាយរបៀបដូចការដោះស្រាយនៅអគារប៊ូលឌីង ប្រជាពលរដ្ឋរីករាយជាមួយនឹងការដោះស្រាយទិញលក់ក្នុងតម្លៃទីផ្សារសេរី ។
សូមបញ្ជាក់ថា អគារនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេសនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារស្មើនឹង១០១បន្ទប់។ ប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងជម្រាបដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាពអគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសារួចមកហើយដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្របដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយ និងជៀសវាងបាននូវហានិភ័យដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕ សំរិត


ចែករំលែក៖