ខេត្តបាត់ដំបង៖ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន សម្រាប់កងទ័ព និងគ្រួសារកងទ័ពអាស្រ័យផល។
សូមបញ្ជាក់ថា៖ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងលោកស្រី ទេព បុប្ផា ចម ប្រសិទ្ធ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការ អស់លោក លោកស្រី អាជ្ញាធរដែនដី មន្ត្រីរាជការ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានឱ្យដឹងថា ទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ដែលជាកន្លែងសម្រាប់ធ្វើការហ្វឹកហ្វឺនកងទ័ព យោធភូមិភាគទី៥ ហើយទីតាំងនេះជាកន្លែងប្រវត្តិសាស្រ្តសម្រាប់ធ្វើការស្រាវជ្រាវ ព្រោះកាលពីសម័យមុន កងទ័ពតស៊ូធ្លាប់មកជ្រកកោននៅទីនេះ តែឥឡូវដោយសារនយោបាយឈ្នះឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ បានប្រែក្លាយកន្លែងនេះទៅជាទីលានសម្រាប់ធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតដែលជាទីលានបណ្ដុះបណ្ដាលនូវភាពមុតស្រួចរបស់កងទ័ព ដើម្បីត្រៀមការពារជាតិទោះបីប្រទេសមានសន្តិភាពក៏ដោយ។ ឯកឧត្តម បន្ថែមថា ដូច្នេះហើយសុខភាពរបស់កងទ័ពក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះជាការចាំបាច់ធ្វើឱ្យកងទ័ពមានសុខភាពល្អទើបមានកាយសម្បទារឹងមាំហ្វឹកហ្វឺនការពារជាតិបាន។
លោកបានបន្តថាការដែល លោកបានមកដល់ទីនេះគឺ ដើម្បីជួយឧបត្ថម្ភនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត តាមការស្នើសុំរបស់នាយឧត្តមសេនីយ៍ ប៊ុន សេង អតីតជា មេបញ្ជាការយោធភូមិភាគទី៥ មកម៉្លេះ ហើយប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនេះមាន បច្ចេកវិទ្យាទំនើបពីប្រទេសចិន ដោយ១ថ្ងៃអាចផលិតទឹកស្អាតបានចំនួន៥០ម៉ែត្រគូប។
ក្នុងឱកាសនោះដែរ លោកបានផ្ដល់ជាអំណោយដល់គ្រួសារកងទ័ព និងកងទ័ពចំនួន៤៦១គ្រួសារ ដោយមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ ព្រមទាំងបានឧបត្ថម្ភសាងសង់នូវអគារស្នាក់នៅ០១ខ្នង របស់កងការពារ ដែលមានទំហំ ៥×៨ ម៉ែត្រ ផងដែរ៕
ដោយ៖ សុខ ខេមរា