ខេត្តស្វាយរៀង៖ខណៈដែលថ្ងៃកាន់បិណ្ឌខិតជិតចូលមកដល់មន្ត្រីជំនាញក.ប.ប.បានចុះដកហូតទឹកដោះគោ ថ្នាំដុសធ្មេញ តែកញ្ចប់ និងទំនិញជាច្រើនមុខទៀតដែលខូចគុណភាពនៅផ្សារវាលយន្តមកដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងសង្កាត់-ក្រុងស្វាយរៀង។
មន្ត្រី(ក ប ប)ខេត្តស្វាយរៀងបានឱ្យដឹងថា ក្រោយពីបានកំណត់មុខសញ្ញា និងពិនិត្យទំនិញជាបឋមនៅមន្ទីរពិសោធន៍ (ក ប ប)ខេត្ត សម្រាប់ទំនិញនៅផ្សារវាលយន្តសរុបប្រមាណ៤៦គំរូមិនមាន សារធាតុគីមីនោះទេ តែបានរកឃើញនៅក្នុងកញ្ចប់សាដកភាគច្រើនសុទ្ធតែខូចគុណភាព ហើយមន្ត្រីជំនាញបានកំណត់ និងដកហូតយកទៅកម្ទេចចោល និងធ្វើកិច្ចសន្យាមិនឲ្យអាជីវករតាំងលក់របស់ក្លែងក្លាយ ឬខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់នោះទៀតទេ។
លោកបានបញ្ជាក់ថា មុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះ បើយកទៅបរិភោគអាចនឹងធ្វើឱ្យរាករូស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍វិលមុខ បណ្ដាលឲ្យចុះអន់ថយនូវកម្លាំង និងបង្កឲ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជីវិតទៀតផង។
មន្ត្រីជំនាញ ក៏បានធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអ្នកលក់ ទាំងអ្នកទិញ មុននឹងទិញរបស់អ្វីមួយសូមពិនិត្យទៅលើកាលបរិច្ឆេទប្រើប្រាស់ឲ្យបានច្បាស់លាស់។
លោកបានបញ្ជាក់ថា រដូវបិណ្ឌភ្ជុំបានមកដល់ហើយ មានពលរដ្ឋមកទិញទំនិញយកទៅបរិភោគ និងទិញគ្រឿងសាដកជាដើមយកទៅប្រគេនព្រះសង្ឃ តែមុននឹងទិញត្រូវពិនិត្យមើលទំនិញទាំងនេះផង ព្រោះបច្ចុប្បន្នមន្ត្រីបានដកហូតទំនិញខូចគុណភាព នៅក្នុងកញ្ចប់សាដកបានជាបន្តបន្ទាប់ផងដែរ៕យឹម សុថាន