ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាល និងផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដល់គ្រូប្រឹក្សាគរុកោសល្យ មុនចេញទៅបំពេញការងារនៅតាមគ្រឹះស្ថានសិក្សាគោលដៅ និងពិធីបើកវេសនកាលឆ្នាំសិក្សា២០២០-២០២១ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ ។ ក្នុងបរិបទកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡាមានគោលបំណងធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព និងសីលធម៌។ ដើម្បីសម្រេចនូវគោលបំណងនេះ គ្រូបង្រៀនត្រូវតែទទួលបាននូវការអភិវឌ្ឍ សមត្ថភាពជាប្រចាំ ក៏ដូចជាការប្រឹក្សាគរុកោសល្យនៅតាមគ្រឹះស្ថានសិក្សានីមួយៗ។
ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់គ្រូប្រឹក្សាគរុកោសល្យនៅតាមគ្រឹះស្ថានសិក្សា គ្រូប្រឹក្សាគរុកោសល្យគួរតែ៖
– គាំទ្រទស្សនៈ គុណតម្លៃ និងគោលបំណងនៃកម្មវិធីសាលារៀនជំនាន់ថ្មី រួមទាំងការអនុលោមទៅតាមវិធានក្នុងការលុបបំបាត់ការរៀនគួរ ឬយកលុយសិស្សខុសច្បាប់
– មានសមត្ថភាពទំនាក់ទំនង និងការប្រាស្រ័យទាក់ទងល្អប្រសើរ – មានជំនាញស្ដាប់ល្អប្រសើរ
– មានចំណេះជ្រៅជ្រះអំពីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់រៀន – ជាអ្នកចូលចិត្តបន្តកាតសិក្សារៀនសូត្រពេញមួយជីវិត
– មានជំនាញនៃការរៀបចំ និងគ្រប់គ្រងពេលវេលាបានល្អ
– មានគំនិតផ្ដួចផ្ដើម ភាពជាអ្នកដឹកនាំ និងជំនាញគ្រប់គ្រង។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គណៈគ្រប់គ្រងស្ថានសិក្សា គ្រូឧទ្ទេស គ្រូប្រឹក្សាគរុកោសល្យ គ្រូបង្រៀន គរុសិស្ស គរុនិស្សិត ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា