ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីស្សាន់ណាវ៉ារ៉ាមួយគ្រឿងឆ្លងភ្លើងឆេះខ្ទេចសល់តែគ្រោងដែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ​ រថយន្តមួយគ្រឿងបានឆាបឆេះខណៈដែលកំពុងតែបើកបរតាមដងផ្លូវ ហើយត្រូវបានកម្លាំងជំនាញការិយាល័យនគរបាល​បង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន​២​គ្រឿងទៅសហការជាមួយកម្លាំងអធិការដ្ឋានក្រុងសែនមនោរម្យនិងកម្លាំងប៉ុស្តិ៍រមនាបាញ់ពន្លត់អស់ទឹកចំនួន​២​ឡាន​ទើបរលត់ទាំងស្រុង ចំណែក​រថយន្តនោះត្រូវភ្លើងឆេះសល់តែគ្រោងដែក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១១និង៣៥​នាទី ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២០ នៅ​ចំណុច​ផ្លូវជាតិលេខ៧៦​ ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤​ ដែលស្ថិតនៅក្នុងភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើនេះនេះឆ្លងភ្លើងពីក្បាលអាគុយទើបបណ្តាលឱ្យឆេះតែម្តង​ ។
អ្នកបើករថយន្តឈ្មោះ​ ថុង ថា ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ រថយន្តម៉ាកនីស្សាន់ណាវ៉ារ៉ា ពណ៍សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ​ AD-9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះដឹកម្រេចចំនួនប្រហែលមួយតោនកន្លះ តែម្ចាស់រថយន្តនិងកម្លាំងសមត្ថកិច្ចបានជួយយកម្រេចចេញពុំបានឆេះទេ ។

បច្ចុប្បន្នរថយន្តនោះកម្លាំងជំនាញបានប្រាប់ឱ្យម្ចាស់រករថយន្តស្ទូចចេញពីកន្លែងកើតហេតុនោះ​ ៕ដោយ៖ស សម


ចែករំលែក៖