ខេត្តឧត្ដរមានជ័យ៖ ពលករខ្មែរចំនួន៦នាក់ដែលបាន លបលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃក្នុងបំណងកាប់ឈើគ្រញូង ត្រូវបានសមត្ថកិច្ចថៃចាប់យកទៅផ្ដន្ទាទោសតាមច្បាប់នៅប្រទេសថៃហើយជាប់ពន្ធនាគារ ជាងបីឆ្នាំ ទើបរួចផុតទោសត្រូវបានអាជ្ញាធរថៃ ប្រគល់មកភាគីកម្ពុជាវិញ នៅវេលាម៉ោង៣និង១២នាទីរសៀល ថ្ងៃទី៣១ ខែ សីហា
ឆ្នាំ២០២០ តាមច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា អាជ្ញាធរថៃបានបញ្ជូនជាពលរដ្ឋខ្មែរចំនួន ៦នាក់មកប្រគល់ឲ្យភាគីកម្ពុជាតាមច្រកអន្តរជាតិជាំមានឈ្មោះដូចខាងក្រោម ៖
ទី១៖ ឈ្មោះ វេង ស្រន់ ភេទប្រុស ៣៧ឆ្នាំរស់នៅភូមិសង្កែរូង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
ទី២៖ឈ្មោះ ញៀន គុណ ភេទប្រុស ៥៥ឆ្នាំ
ទី៣៖ឈ្មោះ សៀវ សាន់ ភេទប្រុស ៣៨ឆ្នាំ
ទី៤៖ឈ្មោះ ប៉េង ធូ ភេទប្រុស ៣០ឆ្នាំ
ទី៥៖ឈ្មោះ ឆុម ផន ភេទប្រុស ៤១ឆ្នាំ
ទី៦៖ឈ្មោះ ខុម ឃីម ភេទប្រុស ៣៧ឆ្នាំអ្នកទាំង ៥រស់នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អ្នកទាំង ៦ នេះត្រូវអាជ្ញាធរថៃចាប់ខ្លួននៅថ្ងៃទី ០៣មករា ឆ្នាំ ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូងតាមច្រកម៉ាឡៃហើយអ្នកទាំងនេះត្រូវអាជ្ញាធរថៃចាប់កាត់ទោសឲ្យជាប់ពន្ធនាគារនៅខេត្តសុខនបូរីប្រទេសថៃ។
ក្រោយពេលទទួលពលករ៦នាក់នេះពីភាគីថៃ សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិជាំបានធ្វើការអប់រំរួចក៏បានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញអស់ហើយដែរ៕
ដោយ ៖ ប៉ែន នួន