ភ្នំពេញ៖ ជនទំនើងដែលយកកាំភ្លើងAK ពីរថយន្តមកសម្ញែងគំរាមប្រជាពលរដ្ឋនោះត្រូវបានគេទម្លាយថាជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីករណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញរាជធានីភ្នំពេញ ខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែង ឡានច្រើនដូចហែកឋិន។
ប្រភពគួរឱ្យជឿទុកចិត្តបានឱ្យដឹងថា នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឡោមព័ទ្ធជនទំនើងរូបនេះនៅក្នុងក្រុមហ៊ុនចម្ការអំពៅឯខេត្តកំពង់ឆ្នាំង ខណៈដែលជនទំនើងរូបនេះបង្កហេតុហើយត្រូវបានសមត្ថកិច្ចតាមប្រមាញ់ ហើយរូបគេដឹងខ្លួនទាន់ក៏គេចខ្លួនចូលក្នុងចម្ការអំពៅ។
ប្រភពដដែលបន្តថា នគរបាលខេត្តកំពង់ឆ្នាំងអាចបន្តឡោមព័ទ្ធទល់ភ្លឺ ដោយសារថ្មើរនេះផុតម៉ោងរដ្ឋបាលមន្ត្រីនគរបាលយុត្តិធម៌មិនអាចចូលក្នុងទីតាំងនោះបាន។
ពាក់ព័ន្ធនឹងករណីខាងលើ មជ្ឈដ្ឋានទូទៅបានបង្ហាញការស្អប់ខ្ពើមជនទំនើងប្រភេទនេះបំផុត រួចរិះគន់ថា៖ ខ្លាំងម្ល៉េះលោក! សម័យនេះហើយហ៊ានយកកាំភ្លើងមកគំរាមអ្នកដទៃ..ដឹងទេថាប្រទេសគ្រប់គ្រងដោយច្បាប់។
សូមបញ្ជាក់ថា ករណីកេីតហេតុនៅរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នៅភូមិ ថ្នល់កែង ឃុំ ក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជនទំនើងនេះបានសម្លុតទៅលើអ្នកដំណើរដែលបើកម៉ូតូជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសម្តីគ្នាហើយទាញកាំភ្លើងAK ពីឡានគំរាម។ ក្រោយមកជនទំនើងរួមជាមួយគូកន បានព្យាយាមបើកឡានចេញពីកន្លែងកើតហេតុ ប៉ុន្តែសកម្មភាពរបស់ជនទំនើងត្រូវបានគេថតជាឃ្លីបវីដេអូប្រមាណជា៥០វិនាទីផងដែរ។
សង្ឃឹមថា៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងតាមប្រមាញ់និង ឃាត់ខ្លួនជនទំនើងរូបនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅព្រឹកស្អែកនេះ៕
ដោយ៖ សុខ ខេមរា