វៀតណាម៖ គិតមកដល់វេលាម៉ោង១៨ ថ្ងៃទី៣១ខែសីហា តាមការប្រកាសរបស់គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩របស់វៀតណាម បានបញ្ជាក់ថា នៅថ្ងៃនេះមានករណីឆ្លងថ្មី៤នាក់ គឺជាអ្នកចូលពីក្រៅប្រទេស មិនមែនករណីឆ្លងក្នុងសហគមន៍នោះឡើយ។ ដូច្នេះថ្ងៃទី២ហើយដែលមិនមានអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍។
គិតមកដល់ពេលនេះវៀតណាមមានករណីឆ្លងកូវីដ-១៩សរុប ១០៤៤នាក់ ក្នុងនោះមាន ៦៩០នាក់ឆ្លងក្នុងប្រទេស។ ក្នុងចំណោមអ្នកឆ្លងក្នុងស្រុក៦៩០នាក់ មានករណីឆ្លងនៅទីក្រុងដាណាងចាប់ពីថ្ងៃទី២៥ខែកក្កដា ដល់ថ្ងៃទី២៩ខែសីហាមាន៥៥០នាក់។
ក្រោយមិនមានអ្នកឆ្លងថ្មី ហើយអ្នកជំងឺក៏បានព្យាបាលជាសះស្បើយច្រើនផងដែរនោះក្រុមគ្រូពេទ្យជំនួយដែលបញ្ជូនពីមន្ទីរពេទ្យជោរៃទៅកាន់ទីក្រុងដាណាងនោះ ពេលនេះបានវិលត្រឡប់មកទីតាំងរបស់ខ្លួនវិញហើយ។
នៅព្រឹកថ្ងៃទី៣១ខែសីហា ក្រុមគ្រូពេទ្យ មន្ទីរពេទ្យជោរៃបានចាកចេញពីមន្ទីរពេទ្យទីក្រុងដាណាង មកទីក្រុងហូជីមិញវិញ ក្រោយរយៈពេលជាង១ខែចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅទីនោះ។
រដ្ឋាភិបាល ក៏ដូចជាពលរដ្ឋ វៀតណាមបានប្តេជ្ញាទប់ស្កាត់ មិនឲ្យមានករណីឆ្លងថ្មីទៀតឡើយក្នុងសហគមន៍របស់ខ្លួន។ បច្ចុប្បន្នការឆ្លងរាលដាលនៅលើពិភពលោក កើនឡើងដល់ទៅ ជាង២៥,៤លាននាក់ និងស្លាប់ជាង ៨៥១ពាន់នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញមានជាង១៧,៧លាននាក់ផងដែរ។ នៅពេលដ៏ខ្លីខាងមុខ នឹងមិនមានករណីឆ្លងថ្មីទៀតឡើយ ដោយសារមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ៕ដោយ៖ធី រីណា