ព័ត៌មានទាន់ហេតុការណ៍៖

ចិនចាប់ខ្លួនអ្នកសារព័ត៌មានអូស្ត្រាលីម្នាក់

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី​Marise Payne កាលពីថ្ងៃទី​៣១ ខែសីហា បានប្រកាសថា អ្នកសារព័ត៌មានអូស្ត្រាលីមានដើមកំណើតចិនដែលធ្វើការឲ្យបណ្តាញព័ត៌មាន CGTN ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន​។
តាមការលើកឡើងរបស់រដ្ឋមន្ត្រី Marise Payne បានបញ្ជាក់ថា​ រដ្ឋាភិបាលអូស្ត្រាលីទទួលបានព័ត៌មានថា ពលរដ្ឋអូស្ត្រាលី​ឈ្មោះ(Cheng Lei) ត្រូវបានកម្លាំងសន្តិសុខចិន​ចាប់ខ្លួន។ មន្ត្រីអូស្ត្រាលី​បានជួបពិភាក្សាជាមួយអ្នកសារព័ត៌មានស្រីខាងលើកាលពីថ្ងៃទី២៧ខែសីហា ។
មន្ត្រីការទូតអូស្ត្រាលី នៅប្រទេសចិន​បានជួយដល់គ្រួសារ អ្នកសារព័ត៌មាន(Cheng Lei) ។ រដ្ឋមន្ត្រីការបរទេស Marise Payne បានបដិសេធ​ធ្វើអត្ថាធិប្បាយ​ពាក់ព័ន្ធនឹងបញ្ហាខាងលើ​។
បណ្តាញព័ត៌មាន ABC ​បានផ្សាយថា អ្នកសារព័ត៌មាន Cheng Leiត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី​១៤ខែសីហា ប៉ុន្តែមិនទាន់ចោទប្រកាន់ទោសនៅឡើយទេ​ តែត្រូវឃុំខ្លួននៅកន្លែងមួយ ។
តាមសារព័ត៌មាន​ SCMP ​បានផ្សាយថា សកម្មភាពខាងលើ​នឹងធ្វើឲ្យទំនាក់ទំនងរវាងចិន​នឹង អូស្ត្រាលីកាន់តែតានតឹងថែមទៀត ក្នុងពេលកំពុងតែតានតឹងស្រាប់ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ចារកម្ម និងបញ្ហាសមុទ្រចិន​ខាងត្បូង ៕ដោយ៖ធី រីណា


ចែករំលែក៖