ព័ត៌មានទាន់ហេតុការណ៍៖

ថៃ នរៈពិទូ ប្រកាសគម្រោងវិលចូលសិល្បៈជាថ្មី

ចែករំលែក៖

     ភ្នំពេញ៖ អតីត Freshie Boy លោក ថៃ នរៈពិទូ ដែលគេចាំបានថាធ្លាប់ជួបរឿងអាស្រូវ គ្រឿងញៀននោះ ធ្លាប់បានបង្ហាញមុខជាសាធារណៈហើយកាលពីថ្មីៗនេះ។ ក្រោយពេលបង្ហាញមុខ អតីតតារាប្រុសរូបនេះហាក់មានបំណងវិលមកកាន់ការងារសិល្បៈជាថ្មីថែមទាំងបង្ហាញពីគម្រោងក្នុងភាពយន្តខ្នាតខ្លីថ្មីមួយផងដែរ

អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនកាលពីចុងឆ្នាំ២០១៦ធ្លាប់បានបង្ហាញវត្តមានជាសាធារណៈ ក្នុងកម្មវិធី ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២០ ដែលបានរៀបចំធ្វើឡើងនៅ មជ្ឍមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ ដែលគ្រានោះមានសិល្បៈករ សិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់នោះ។ ក្រោយពីបង្ហាញមុខ និងហាក់មានសាច់ឈាមស្រស់ថ្លាជាងមុនមិនបានប៉ុន្មានផងអតីតតារាសម្តែងរូបនេះបានលើកសម្តីបែបសំនួរទៅមហាជនថា «បើខ្ញុំចង់ចូលសិល្បៈវិញបងប្អូនគិតមិចដែរការលើកឡើងនេះទទួលបានការស្វាគមន៍ច្រើនពីអ្នកគាំទ្រដែលមានទាំងអ្នកលើកទឹកចិត្តផងដែរថា«មនុស្សណាក៏ធ្លាប់ខុសដែរ សំខាន់បងប្រុសចេះកែខ្ញុំនៅតែគាំទ្របង» ក៏មានអ្នកខ្លះស្នើឲ្យតារាប្រុសរូបនេះថែរក្សា សម្រករាងបន្តិចមុនពេលសម្រេចចូលសិល្បៈនោះ។ កាន់តែច្បាស់ក្នុងការវិលរកការងារសិល្បៈជាថ្មី ក្រោយពីអ្នកដឹកនាំសម្តែង លោក ឃុន ធារិទ្ធិបានបញ្ជាក់ថា លោក ថៃ នរៈពិទូ នឹងវិលមកកាន់ការសម្តែងម្តងទៀតក្នុងភាពយន្តខ្នាតខ្លីថ្មីមួយគឺរឿង”បើគ្មានបងអូននឹងសប្បាយចិត្ត”។ មានអ្នកគាំទ្រមួយចំនួនបានសាទរការវិលត្រឡប់មកជាថ្មីនេះផងដែរ។ ភាពយន្តនេះនឹងត្រូវចាប់ផ្តើមផលិតនិងចាក់ផ្សាយនៅពេលដ៏ខ្លីខាងមុខនេះ។

អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃនរៈសត្យា ធ្លាប់បញ្ជាក់យ៉ាងសុទិដ្ឋិនិយមចំពោះកូនប្រុសថា នឹងអាចដើរផ្លូវដ៏ត្រឹមត្រូវ ដើម្បីសាងជីវិតថ្មី ក្រោយពីទទួលកំហុសខុសឆ្គងរបស់ខ្លួន។ លោកបន្តថា លោកលើកទឹកចិត្តកូនថា ទីណាក៏ជាសាលារៀននៅទីនោះយើងចាត់ទុកថាជាកន្លែងលុតដំខ្លួនដែរ ហើយលោកសង្ឃឹមនិងកំពុងដឹកនាំកូនដើរវិថីទៅរកក្តីសង្ឃឹមថ្មីៗ ហើយលោកមិនបណ្ដោយឲ្យដើរលើផ្លូវខុសឆ្គងទៀតទេ។

គួរបញ្ជាក់ដែរថាអតីតតារាសម្តែង ថៃនរៈ ពិទូ និងបក្សពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នៅទីតាំងខារ៉ាអូខេមួយកន្លែងលើទឹកដីនៃក្រុងប៉ោយប៉ែត

ដោយ៖ វឌ្ឍនា

 


ចែករំលែក៖