ព័ត៌មានទាន់ហេតុការណ៍៖

ដល់ពេលដីឡើងថ្លៃ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅសងខាងផ្លូវលេខ៥៥ចំណុចភ្នំ១៥០០ រងការបំភិតបំភ័យ ចង់រឹបអូស និងបណ្តេញចេញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពេលដែលដីឡើងថ្លៃ នៅតាមតំបន់ផ្លូវលេខ៥៥ចំណុចភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) ដែលក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុតនោះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅទីនោះ តាំងពីមិនទាន់មានផ្លូវគមនាគមន៍ ពីឆ្នាំ២០០០-២០១០ និងឆ្នាំ២០១៥ មកកាប់គាស់ ឆ្ការព្រៃធ្វើលំនៅឋាន អាស្រ័យផល និងធ្វើលទ្ធកម្មលើអចលនវត្ថុនោះ មានការភ័យព្រួយបារម្ភ ពីវិធានការរបស់អាជ្ញាធរនិងជំនាញដែលបានទៅបង្ខំឱ្យពួកគាត់ឱ្យផ្តិតមេដៃ ទទួលស្គាល់ការចាកចេញទៅវិញ។ 

ពួកគាត់អះអាងថាមានបង្កាន់ដៃចេញដោយមន្ទីរកសិកម្មស្រុក មានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លី ទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំគ្រប់ៗគ្នា ថែមទៀត។

នៅក្នុងលិខិតស្នើសុំកិច្ចអន្តរាគមន៍ពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ពោធិ៍សាត់ សំណើសុំកិច្ចអន្តរាគមន៍ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  កាត់ឆ្វៀលដីសងខាងផ្លូវលេខ៥៥ចំណុចភ្នំ១៥០០ ដែលស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជូនយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋរស់នៅជាក់ស្តែងតាំងពីឆ្នាំ២០០០ -២០១០ និង ឆ្នាំ២០១៥ ។

នៅក្នុងលិខិតបានបន្តថា ក្រោយពីទទួលបានដំណឹងថានឹងមានការកាត់ឆ្វៀលដី ក្នុងតំបន់ការពារធនធានធម្មជាតិ និងតំបន់អភិរក្សជូនប្រជាពលរដ្ឋរស់នៅជាក់ស្តែងដែលបានអាស្រយ័ផល និងធ្វើលទ្ធកម្មលើអចលនវត្ថុដែលបានកាប់គាស់ កាយ ឆ្ការជាក់ស្តែង តាំងពីមិនទាន់មានផ្លូវគមនាគមន៍ថ្មីមកម្ល៉េះ ។ ជាក់ស្តែងនៅថ្ងៃទី-២៥-២៦ ខែសីហាឆ្នាំ ២០២០នេះ ស្រាប់តែមានមន្ត្រីអាជ្ញាធរស្រុកនិងបរិស្ថានស្រុកវាលវែងជាមួយកម្លាំងប្រដាប់អាវុធ ដែលគ្មានការចូលរួមពីអាជ្ញាធរភូមិ-ឃុំបានចុះធ្វើបច្ចុប្បន្នភាពការរស់នៅអាស្រ័យផលនិងធ្វើលទ្ធកម្មលើអចលនវត្ថុដែលបានកាប់គាស់ កាយ ឆ្ការរបស់ប្រជាពលរដ្ឋនៅតំបន់សងខាងផ្លូវភ្នំ១៥០០ ដោយមិនបានប្រកាសជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋឡើយជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះការបណ្តេញឲ្យរុះរើលំនៅឋាន។ ម្យ៉ាងវិញទៀតដីនៅតំបន់ខាងលើនេះមានការអនុញ្ញាតនិងទទួលស្គាល់ពីការិយាល័យកសិកម្មស្រុកវាលវែងស្តីពីការធ្វើលទ្ធកម្មលើអចលនវត្ថុដែលបានកាប់គាស់ កាយ ឆ្ការ តាំងពីឆ្នាំ២០០០ មកម្ល៉េះ ។ បន្ទាប់មកម្ចាស់ដើមក៏ធ្វើការលក់ដូរជាបន្តបន្ទាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ -ឃុំ ត្រឹមត្រូវ ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមលោករដ្ឋមន្ត្រី មេត្តាជួយធ្វើអន្តរាគមន៍ និងដោះស្រាយជូនយើងខ្ញុំជាពលរដ្ឋដោយកាត់ឆ្វៀលដី ក្នុងតំបន់ការពារធនធានធម្មជាតិ និងតំបន់អភិរក្សដោយក្ដីអនុគ្រោះបំផុត ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានសុំកិច្ចអន្តរាគមន៍ទៅស្រុក-ខេត្ត បានត្រឹមតែចំណារ ឱ្យជំនាញដោះស្រាយ ប៉ុន្តែជាលទ្ធផលមិនឃើញឆ្វៀល ឬដោះស្រាយជូនប្រជាពលរដ្ឋទេ និយាយរួមមានតែអាជ្ញាធរភូមិ-ឃុំប៉ុណ្ណោះដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋតាំងពីឆ្នាំ២០០០-២០១០ និងឆ្នាំ២០១៥ ខណៈប្រជាពលរដ្ឋបានសង់លំនៅឋាន អាស្រ័យផល និងធ្វើលទ្ធកម្មលើអចលនវត្ថុុនោះ ដល់បច្ចុប្បន្ន មានការដាំដំណាំផ្លែឈើ ក្រូច ទុរេន 

។ល។ មានអាយុច្រើនឆ្នាំនោះ។

សូមបញ្ជាក់ថា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាថ្នាក់ដឹកនាំមួយរូប មានឆន្ទៈបម្រើរាស្ត្រអស់ពីបេះដូង លោកមានស្នាដៃដោះស្រាយវិវាទដីធ្លី និងជម្លោះផ្សេងៗក្នុងក្រុមគ្រួសារប្រជាពលរដ្ឋ ល្បីពេញផ្ទៃប្រទេស នូវភាពជោគជ័យដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ។ ប៉ុន្តែប្រជាពលរដ្ឋដែលបានរស់នៅ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ពោធិ៍សាត់ បាននិយាយថា ពួកគាត់ព្យាយាមសុំជួបលោកអភិបាលខេត្តដើម្បីជួយដល់ពួកគាត់ តែមិនបានការអនុញ្ញាតឱ្យជួប ទើបបង្ខំចិត្តឡើងមកភ្នំពេញ ធ្វើលិខិតស្នើសុំអន្តរាគមន៍ទៅថ្នាក់លើ ជំនាញពាក់ព័ន្ធ។ 

ក្នុងករណីនេះ អង្គភាព«នគរដ្រេហ្គន» មិនទាន់ទទួលបានការបកស្រាយណាមួយនៅឡើយទេពីលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយទូរស័ព្ទខលមិនចូល៕

  

ដោយ៖ សិលា


ចែករំលែក៖