ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំUN៖ ស្នើ​ឲ្យ​រដ្ឋាភិបាលឥណ្ឌា​ បញ្ឈប់​រាល់​ការសាងសង់​ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុសាកល លោក​Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)​ បានស្នើឲ្យប្រទេសឥណ្ឌាបញ្ឈប់រាល់ការសាងសង់ស្ថានីយ៍ថាមពលដើរដោយធ្យូងថ្មដោយប្រមុខ​UN រូបនេះបានទទូចឲ្យរដ្ឋាភិបាលឥណ្ឌាងាកចេញពីឧស្សាហកម្មធ្យូងថ្មយ៉ាងឆាប់រហ័ស និងជាអចិន្ត្រៃយ៍ ដ្បិតថា វាជាការវិនិយោគដែលគ្មានបានប្រយោជន៍ និងមានផលប៉ះពាល់ខ្លាំង ថ្វីបើវាមានតម្លៃថោកក៏ដោយចុះ

បើតាមសម្តីលោក Guterres បានអះអាងក្នុងវេទិកាតាមអនឡាញមួយដែលរៀបចំឡើងកាលពីថ្ងៃសុក្រទី ២៧ សីហាកន្លងទៅថ្មីៗនេះថា៖ «​ធ្យូងថ្មមិនមែនជាការវិនិយោគដែលបានផលមកវិញទេ ហើយវាក៏គ្មានតម្លៃពាណិជ្ជកម្មដែរ ពោលគឺជំនួញថាមពលធ្យូងថ្មនេះនឹងរលាយតាមផ្សែងប៉ុណ្ណោះ​»​

លោកអគ្គលេខាធិការរូបនេះបញ្ជាក់ទៀតថា ប្រទេសឥណ្ឌាមានលទ្ធភាពអាចក្លាយជាប្រទេសមហាអំណាចពិភពលោកដ៏ពិតប្រាកដមួយដែលអាចចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បើប្រទេសនេះបង្កើនល្បឿនក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីទៅជាថាមពលដែលអាចកកើតឡើងវិញនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian

យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌាហាក់មានភាពស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តសារជាថ្មីចំពោះការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដោយសារជារឿយៗប្រទេសឥណ្ឌារមែងប្រកាន់យកនូវគោលជំហរមួយដែលសង្កត់ធ្ងន់ថា  ប្រទេសអ្នកមានគួរតែជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះការបំភាយឧស្ម័នពុល រីឯបណ្តាប្រទេសកំពុងអភិវឌ្ឍគួរបន្តប្រើប្រាស់ហ្វូស៊ីឥន្ធនៈរដ្ឋាភិបាលនេះក៏បន្តជំរុញការផលិតថាមពលធ្យូងថ្មជំនាន់ថ្មី ទោះបីជាតម្លៃនៃថាមពលកកើតឡើងវិញបានធ្លាក់ចុះក៏ដោយ

លោក Guterres ទាក់ទិននឹងបញ្ហានេះ លោកក៏បានជំទាស់ជំហររបស់រដ្ឋាភិបាលឥណ្ឌា ដោយលោកបានព្រមានថា៖ ប្រជាជនឥណ្ឌា អាចនឹងរងផលប៉ះពាលធ្ងន់ធ្ងរ ក្នុងករណីដែលគេនៅតែបន្តពឹងផ្អែកលើឧស្សាហកម្មធ្យូងថ្ម គ្រោះថ្នាក់នោះវាស្តែងឡើងតាមរយៈការបំពុលបរិយាកាស ហើយវាធ្វើឱ្យទីក្រុងជាច្រើននៅឥណ្ឌាទទួលផលប៉ះពាល់ខ្លាំងដែរ

មិនតែប៉ុណ្ណោះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)​បានសង្កត់ធ្ងន់ថា៖«​ការវិនិយោគលើប្រេងឥន្ធនៈហ្វូស៊ីមានន័យថា វានឹងធ្វើអោយអត្រាស្លាប់របស់មនុស្ស និងអត្រាកើតជំងឺរបស់ប្រជាជនកើនឡើងកាន់តែច្រើន ហើយការចំណាយលើការថែទាំសុខភាពក៏កើនឡើងជាលំដាប់ និយាយឲ្យខ្លីគឺ វាជាគ្រោះមហន្តរាយមនុស្សជាតិ និងភាពដុនដាបនៃសេដ្ឋកិច្ច​»​

ដោយ៖ស តារា


ចែករំលែក៖