ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលទៅបុករថយន្តដែលបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខច្រកចូលសាលាពេទ្យ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-8574 ធ្វេីដំណេីរតាមបណ្តោយផ្លួវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងត្រឡប់ទៅក្រោយវិញដោយមិនបានបេីកភ្លេីងស៊ីញ៉ូនោះទេ ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកប៊ីត ពណ៌ខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ1GS-9384 ធ្វេីដំណេីរស្របគ្នាមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងដួលចូលក្រោមរថយន្តរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលជាមួយម្ចាស់រថយន្តនិងបងប្អូនជនរងគ្រោះ ដោយភាគីខាងរថយន្តចេញថ្លៃជួសជុលនិងថ្លៃព្យាបាលចំនួន៥០០.០០០រៀល(ហាសិបម៉ឺនរៀល)ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ដោយ ៖សុខាសែនជ័យ