ភ្នំពេញ៖ លោក បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពន្លឿនផែនការរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារសំខាន់ៗក្រោយបញ្ចប់កិច្ចប្រជុំថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន៣ ក្នុងនោះ ទី១អង្គប្រជុំបានលើកឡើងនូវវិធាននៃការប្រើប្រាស់ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ដែលជាទ្រព្យសម្បត្តិ ការការពារកម្មសិទ្ធិបញ្ញា សម្រាប់ការផ្សព្វផ្សាយជាផ្លូវការឲ្យបានត្រឹមត្រូវ ក្រោយពីសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
របៀបវារៈទី២ គឺការរៀបចំប្រក្រតីទិនការងារ ដែលជាចំណុចសំខាន់នៃការតម្រង់ទិសតាមផែនការមេ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រក្រតីទិនការងារនេះក៏ជាត្រីវិស័យដើម្បីកំណត់ឲ្យបាននូវប្រសិទ្ធភាពការងារនានា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
ចំពោះរបៀបវារៈដ៏សំខាន់មួយទៀត គឺផ្តោតសំខាន់យ៉ាងលម្អិតទៅលើផែនការទីលានប្រកួត ដែលជាចំណុចសំខាន់ត្រៀមរៀបចំ ដោយបានកំណត់លើប្រភេទកីឡាដែលប្រកួតលើទឹក លើគោក មានដូចជាទីលានប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។
ការកំណត់ទីលានប្រកួតនេះ នឹងត្រូវបន្តពិភាក្សាគ្នាចំនួនពីរសប្តាហ៍ទៀត ដើម្បីឲ្យកាន់តែច្បាស់លាស់តាមផែនការរបស់ខ្លួន។ ចំពោះពិធីបើក-បិទនៃការប្រកួតស៊ីហ្គេមនេះ គឺជាបញ្ហាសំខាន់បំផុត ដោយមានក្រុមកងទ័ព កីឡាករ កីឡាការិនី សិស្ស និស្សិត យុវជន និងក្រុមសម្តែងសិល្បៈ សរុបប្រហែលជិត១ម៉ឺននាក់ ដែលត្រូវហ្វឹកហាត់សមត្រៀមសម្តែងក្នុងពិធីបើក-បិទ ហើយតាមការគ្រោងទុក យើងនឹងបំបែកការហ្វឹកហាត់សមនៅតាមទីតាំងផ្សេងៗគ្នា ដើម្បីឲ្យដល់ពេល ស៊ីហ្គេម ២០២៣ យើងមានធនធានមនុស្សគ្រប់គ្រាន់ នៅក្នុងកម្មវិធីបើក-បិទនេះ៕
ដោយ៖សិលា