អន្តរជាតិ៖ បើយោងតាមរយៈសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការពារជាតិឥណ្ឌា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយចោទប្រកាន់ចិនថា៖ជាអ្នកបង្កជម្លោះនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ។ មិនតែប៉ុណ្ណោះកងទ័ពរំដោះប្រជាជនចិន បានចល័តទ័ព ដែលជាសកម្មភាពបង្ករឿង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ហើយក៏ជាការបំពានការឯកភាពគ្នាកន្លងដែរ។
ក្នុងសេចក្តីថ្លែងការណ៍មួយនេះ បានបញ្ជាក់ថាសកម្មភាពយោធាថ្មីនេះ នៅតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំងពីរ ត្រូវបានភាគីឥណ្ឌា អះអាងថាកើតឡើងនៅក្បែរកន្លែងប៉ះទង្គិចចាស់ ដែលកាលនោះមានទាហានឥណ្ឌាយ៉ាងហោចណាស់ចំនួន ២០នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស។
ជាក់ស្តែងបច្ចុប្បន្ននេះ កម្តៅនៅតាមព្រំដែនឥណ្ឌា និងប្រទេសចិន ហាក់មានសភាពស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីកិច្ចចរចាយោធារវាងទីក្រុងញូវដេលីនិងទីក្រុងប៉េកាំង បានធ្វើឡើងរហូតដល់ទៅ ៣ដង។ ប៉ុន្តែភាពតានតឹងនៅតែតាមព្រំដែនរវាងប្រទេសទាំងពីរបានកើនឡើងវិញបន្ទាប់ពីឥណ្ឌាអះអាងថា ចិន បានបង្កសកម្មភាពយោធាជាថ្មី។ ដោយហេតុការណ៍នេះបានកើតឡើងនៅភាគខាងកើតតំបន់ Ladakh ក្បែរតំបន់ជម្លោះលើកមុននៅយប់ថ្ងៃទី២៩ ខែសីហា។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិឥណ្ឌាមិនបានបញ្ជាក់ទេ ថាតើមានការប៉ះទង្គិចគ្នាឬអត់។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់តាមរយៈសេចក្តីថ្លែងការរបស់ក្រសួងការពារជាតិ បានលើកឡើងថា៖ «កងទ័ពឥណ្ឌា បានត្រៀមខ្លួនទុកជាមុន ដើម្បីទប់ស្កាត់សកម្មភាពរបស់ចិននៅភាគខាងត្បូងនៃជ្រោយទន្លេ Pangong Tso, ពង្រឹងទីតាំងឈរជើង និងបង្ការការផ្លាស់ប្តូរព្រំដែនជាឯកតោភាគីពីសំណាក់ចិន»។ ដោយក្នុងសេចក្តីថ្លែងការណ៍ដដែលនេះឥណ្ឌា ចង់មានន័យថា កងទ័ពចិន បានបំពានកិច្ចព្រមព្រៀង ដែលកាត់បន្ថយភាពតានតឹងតាមព្រំដែន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ មេបញ្ចាការកងទ័ពឥណ្ឌា និងចិន បានជួបប្រជុំជាមួយគ្នា ដើម្បីជជែកពីបញ្ហានេះ។ដោយក្នុងជំនួបមេបញ្ជាការយោធាខាងលើ ធ្វើឡើងនៅភូមិ Chushul ក្នុងតំបន់Ladakh។ ចាប់តាំងពីមានការប៉ះទង្គិចនៅក្នុងខែមិថុនាកន្លងមក វត្តមានកងទ័ពចិន និងឥណ្ឌា បានកើនដល់ប្រមាណ ១០ម៉ឺននាក់ នៅតាមតំបន់ព្រំដែនជម្លោះនោះ៕
ដោយ៖ស តារា