ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចជាលើកទីពីរក្នុងពេលមួយខែទៅកាន់លីបង់

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបំពេញទស្សនកិច្ចជាលើកទីពីរទៅកាន់លីបង់ក្នុងរយៈពេល​មិនដល់មួយខែផង ដើម្បីជួយដល់ប្រទេសនេះធ្វើការកែទម្រង់រៀបចំរដ្ឋាភិបាល។
នៅថ្ងៃទី​៣១ ខែសីហា លោកម៉ាក្រុង​ បានជួបជាមួយ លោកស្រីFairouz អាយុ​៨៥ឆ្នាំ​ជាតារាចម្រៀងដ៏ល្បីល្បាញបំផុត​ក្នុងពិភពអារ៉ាប់។ លោកស្រីគឺជាតំណាងនៃសាមគ្គីភាពរបស់ប្រទេសលីបង់។
ក្រុមបាតុករលីបង់ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខផ្ទះ​តារាចម្រៀងដ៏ល្បីល្បាញខាងលើ​ ដោយមានស្លាកបដា​សរសេរថា «មិនមានអ្នកសម្លាប់មនុស្សនៅក្នុងរដ្ឋាភិបាលឡើយ»។​ក្រុមបាតុករក៏បានស្រែកពាក្យថា​«គ្មាន​ Adib» គឺសំដៅទៅលើឯកអគ្គរដ្ឋទូតលីបង់ប្រចាំនៅ​អាល្លឺម៉ង់ លោក Mustapha Adib ដែលត្រូវបានប្រធានាធិបតីតែងតាំងធ្វើជានាយករដ្ឋមន្ត្រី​មុនពេលប៉ុន្មានម៉ោង ដែលលោកម៉ាក្រុងបានទៅដល់​។
ក្រោយពីជួបជាមួយ លោកស្រី Fairouz លោកម៉ាក្រុង បានលើកឡើងថា​«ខ្ញុំបានសន្យាជាមួយលោកស្រី​​Fairouz ក៏ដូចជាពលរដ្ឋ លីបង់ថា ខ្ញុំនឹងមិនបោះបង់ចោលប្រទេសនេះឡើយ​»។
នេះជាដំណើរទស្សនកិច្ចលើកទីពីរហើយរបស់ប្រធានាធិបតីបារាំង​ចាប់តាំងពីការផ្ទុះគីមី​នៅថ្ងៃទី​៤ខែសីហា សម្លាប់មនុស្ស ១៩០នាក់និងជាង​៦ពាន់នាក់រងរបួស​៕ដោយ៖ធី រីណា


ចែករំលែក៖