ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម​ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយដួលបោកនិឹងខឿនស្ពាន រួចហើយអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់។

​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង ៣០ នាទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានព្រែកព្នៅ តាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិកណ្ដាល​ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

​ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ញឹម
គឹមលុយ ភេទប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៥ មួយគ្រឿងពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1D-7738ធ្វើដំណើរក្នងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយបុកម៉ូតូពេញទំហឹង​ បណ្តាលឲ្យជនរងគ្រោះដួលបោកនិឹងខឿនស្ពានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖