ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ស្ដីពីការអនុវត្តកម្មវិធីសិក្សា មុខវិជ្ជា “អប់រំសុខភាព” នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកសិក្ខាសាលាពិគ្រោះ យោបល់ជាមួយដៃគូអភិវឌ្ឍន៍ស្ដីពី ការអនុវត្តកម្មវិធីសិក្សា មុខវិជ្ជា “អប់រំសុខភាព” នៅតាមគ្រឹះស្ថានសិក្សាទូទាំង ប្រទេសដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងផ្ដល់ឲ្យអ្នកសិក្សា និងបុគ្គលិកអប់រំនូវលទ្ធភាពក្នុងការទទួល បាននូវសុខភាពល្អ និងសុខុមាលភាព   ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយ សក្ដានុពល កាលពីថ្ងៃទី០១  ខែកញ្ញា ឆ្នាំ២០២០ នៅអគាររដ្ឋបាលថ្មីចៅពញាហុក។ 

នៅក្នុងសិក្ខាសាលានេះក្រសួងបានកំណត់មុខវិជ្ជាអប់រំសុខភាពជាមុខវិជ្ជាកាតព្វកិច្ច ដោយកំណត់ក្នុងក្របខ័ណ្ឌកម្មវិធីសិក្សាមួយម៉ោងក្នុងមួយសប្ដាហ៍ ចាប់ពីថ្នាក់ទី១ ដល់ទិី១២។

សរុបមានចំនួន៣៥ម៉ោងក្នុងថ្នាក់នីមួយៗ ហើយមុខវិជ្ជាអប់រំសុខភាព មានសមាសភាគចំនួន៦គឺ៖១.សុខភាពបឋម ២.សុខភាពផ្លូវចិត្ត ៣.សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ៤.សុខភាព និងបរិស្ថាន ៥.សុខភាពជំនឿ ៦.សុខភាព និងសេដ្ឋកិច្ច។

សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ 

ក្នុងឱកាសនោះលោកស្រីរដ្ឋលេខាធិការបានមានប្រសាសន៍ថ្លែងអំណរគុណដល់ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) និងអង្គការ Unicef ក្នុងការជជែកពិភាក្សាគ្នាដើម្បីដាក់ចេញនូវយុទ្ធសាស្ដ្រកៀរគរធនធានដល់ការលើកកម្ពស់សុខភាពសិក្សាកន្លងមក ជាពិសេសនោះគឺនៅតែបន្តសហការគាំទ្រក្នុងបរិបទឆ្លើយតបនឹងជំងឺកូវីដ-១៩នេះតែម្ដង៕

ដោយ៖ សិលា


ចែករំលែក៖