ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​ថៃ ឃាត់ខ្លួន​ប្រធាន​សហព័ន្ធ​និស្សិត​ថៃស្រី​ម្នាក់ ពីបទ​បំពាន​សន្តិសុខ​ផ្ទៃក្នុង និង​មិន​គោរព​ប​ម្រាម​ទប់ស្កាត់​COVID-19​

ចែករំលែក៖

អន្តរជាតិ៖ និស្សិតស្រីម្នាក់ វ័យ២១ឆ្នាំ ក្នុងចំណោមមេដឹកនាំក្រុមនិស្សិតដើម្បីធ្វើបាតុកម្មទាមទារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ចប់ឥទ្ធិពលយោធានៅក្នុងសង្គមថៃត្រូវបានប៉ូលិសថៃ ឃាត់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃទី ខែកញ្ញាម្សិលមិញនេះ ​​ពីបទបំពានសន្តិសុខផ្ទៃក្នុង និងមិនគោរពម្រាមទប់ស្កាត់​COVID-19​

ទាក់ទិននឹងបាតុកម្មនេះ ប៉ូលិសថៃ បានឃាត់ខ្លួនបាតុករជាបន្តបន្ទាប់ ក្នុងនោះមានដូចជា៖មេធាវីសិទ្ធិមនុស្ស  Anon Nampa តារាចម្រៀងរ៉េ និងសកម្មជនមួយចំនួន ប៉ុន្តែអ្នកទាំងនោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំអស់ហើយ ខណៈការធ្វើបាតុកម្មនេះ ចាប់តាំងពីថ្ងៃទី១៨ខែកក្កដាកន្លងមក ដោយក្រុមនិស្សិតថៃ បានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃ ដើម្បីទាមទារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ចប់ឥទ្ធិពលយោធានៅក្នុងសង្គមថៃលើសពីនេះ ក្រុមបាតុករមួយចំនួន ក៏បានទាមទារឲ្យធ្វើកំណែទម្រង់លើស្ថាប័នមហាក្សត្រថៃផងដែរ

ជាក់ស្តែងរហូតដល់ថ្ងៃទី ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែប៉ូលិសថៃ បានឃាត់ខ្លួនប្រធានសហព័ន្ធនិស្សិតថៃម្នាក់ទៀត ពីបទបំពានច្បាប់សន្តិសុខផ្ទៃក្នុង និងបទបញ្ញាត្តិ​COVID-19 ដែលហាមក្នុងការជួបប្រជុំ ប្រធានសហព័ន្ធនិស្សិតថៃរូបនេះ គឺមានឈ្មោះ​Jutatip Sirikhan និងមានវ័យ២១ឆ្នាំ កញ្ញា Jutatip ត្រូវបានប៉ូលិសឃាត់ខ្លួន ក្នុងអំឡុងពេលជិះតាក់ស៊ីទៅសកលវិទ្យាល័យ ក្នុងទីក្រុងបាងកក

សូមជម្រាបថាក្នុងអំឡុងពេលប៉ូលិសឃាត់ខ្លួននោះ ប្រធានសហព័ន្ធនិស្សិតថៃរូបនេះ ក៏បានថតវីដេអូមួយ និងបង្ហោះនៅលើបណ្តាញសង្គមFacebook របស់ខ្លួនផងដែរដោយបញ្ជាក់ថា៖«​យើងចាប់ខ្លួន ដោយផ្អែកតាមដីកាឲ្យចាប់ខ្លួនលើការតវ៉ា នៅថ្ងៃទី១៨ ខែកក្កដា​»​ នេះបើការបញ្ជាក់របស់ប៉ូលិសបាងកកដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters​

គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ បាតុករថៃ ដែលមានចំនួនយ៉ាងហោចណាស់ ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្មដ៏ធំបំផុតតាំងតែពីរដ្ឋប្រហារយោធាឆ្នាំ២០១៤  ដោយទាមទារឲ្យមានកំណែទម្រង់នយោបាយ បន្ថែមពីលើនេះ ក្រុមបាតុករបានដាក់សំណើរទាមទារឲ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា រំលាយរដ្ឋសភា វិសោធនកម្មរដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានដោយមន្ត្រីរដ្ឋាភិបាល និងបញ្ហាផ្សេងទៀត

ដោយ៖ស តារា


ចែករំលែក៖