ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបញ្ចកោណអាមេរិកប្រកាសពីចំនួនក្បាលគ្រាប់បរមាណូរបស់ចិន

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិក​បានប្រកាសនៅថ្ងៃទី​​១ខែកញ្ញាថា​ ចិនមានគម្រោងបង្កើនចំនួនក្បាលគ្រាប់បរមាណូ​ទ្វេដង​ ក្នុងរយៈពេល​១០ឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះចិនមានគម្រោងដាក់ពង្រាយកម្លាំងវាយលុកដោយគ្រាប់បែកបរមាណូ នៅលើដីគោក​ ដែនសមុទ្រ​និងដែនអាកាស​។
ការប្រកាសខាងលើ ក្នុងពេលដែលអាមេរិក និងចិនកាន់តែតានតឹងដាក់គ្នាខ្លាំងឡើងៗ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមអូសចិនចូលក្នុងសន្ឋិសញ្ញា​គ្រប់គ្រងអាវុធបរមាណូ​New START រវាងអាមេរិកនឹង រុស្ស៊ី។
នៅក្នុងរបាយការណ៍ផ្ញើទៅកាន់រដ្ឋសភា ស្តីពីកម្លាំងទាហានចិន មន្ទីរបញ្ចកោណអាមេរិក​បានបញ្ជាក់ថា ចិន​មានគ្រាប់បែកបរមាណូប្រមាណ​២០០គ្រាប់​។ នេះជាលើកទីមួយដែលទាហានអាមេរិក បង្ហាញពីចំនួនក្បាលគ្រាប់បរមាណូរបស់ចិន​។ ក្នុងពេលជាមួយគ្នានេះដែរ​​ ក្រុមអ្នកវិទ្យាសាស្ត្រ​អាមេរិក (FAS) បានវាយតម្លៃថា ចិនមានក្បាលគ្រាប់បរមាណូ ដល់ទៅ​៣២០គ្រាប់​។
មន្ទីរបញ្ចកោណអាមេរិក​បានប្រកាសថា ក្នុងរយៈពេល​១០ឆ្នាំខាងមុខ​ចិននឹងពង្រីកឃ្លាំងគ្រាប់បរមាណូរបស់ខ្លួន​កើនឡើងដល់ទៅ​ទ្វេដង ។
កន្លងមក សារព័ត៌មាន​ Clobal Times ​បានផ្សាយថា​ ទីក្រុងប៉េកាំង​ អាចនឹងបង្កើនចំនួនក្បាលគ្រាប់បរមាណូរបស់ខ្លួន​ដល់ទៅ​​១ពាន់គ្រាប់ ក្នុងពេលខាងមុខ​៕ដោយ៖ធី រីណា


ចែករំលែក៖