ព័ត៌មានទាន់ហេតុការណ៍៖

តូយ៉ូតាវីហ្គោស្លាកលេខរដ្ឋបើកលឿនផ្ទុះកង់ធ្លាក់ប្រឡាយរបួសធ្ងន់ស្រាល៦នាក់

ចែករំលែក៖

កំពង់ឆ្នាំង ៖ មនុស្សស្រីប្រុស៦នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីរថយន្តពាក់ស្លាកលេខរដ្ឋមួយគ្រឿងបានក្រឡាប់ធ្លាក់ចូលប្រឡាយដោយសារផ្ទុះកង់ពេលកំពុងតែបើកបរ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

  សមត្ថកិច្ចបានឲ្យដឹងថា នៅមុពេលកើតហេតុ មានរថយន្តមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ ធ្វើដំណើរលើផ្លូវក្រាលគ្រួសក្រហម ក្នុងទិសដៅពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិសាត់ ពីត្បូងទៅជើង ។ នៅលើរថយន្តមានគ្នាជិះ៦នាក់ទាំងស្រីនិងប្រុស ពេលកំពុងធ្វើដំណើររថយន្តវីហ្គោនេះបើកក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែរថយន្តនេះបានផ្ទុះកង់ ក៏បណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ប្រឡាយតែម្តង ។ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរនោះ បានចុះទៅជួយអន្តរាគមន៍ គាស់ទ្វារដើម្បីយកជនរងគ្រោះ និងបានហៅរថយន្តសង្រ្គោះរបស់ស្រុកទឹកផុសដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តស្ទួច មកស្ទួចយករថយន្តក្រឡាប់នេះ ទៅរក្សាទុកនៅអធិការដ្ឋាន ស្រុកទឹកផុស៕ដោយ៖ចន្ថា


ចែករំលែក៖