ព័ត៌មានទាន់ហេតុការណ៍៖

ទុកកូនឱ្យនៅផ្ទះលេងតែឯង​ធ្លាក់​ចូលអាងទឹកក្នុងបន្ទប់ឈ្លក់ស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កុមារអាយុ២ឆ្នាំ​ម្នាក់​បានធ្លាក់ពី​សំយាបចង្រ្កានបាយចំអាងទឹក​បណ្តាលឱ្យឈ្លក់ទឹកស្លាប់ដោយគ្មាននរណាបានឃេីញ​ ខណៈ​ម្ដាយ​ចេញទៅទិញម្ហូប​ ។ 

ប្រភព​ព័ត៌មាន​បានឱ្យដឹងថា​ កុមាររង​គ្រោះឈ្មោះអឿន សុខរាជ ភេទប្រុស អាយុ២ឆ្នាំ​ ។ ហេតុការណ៍នេះកើតឡើង​នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ អំឡុង​ម៉ោង១៤៖៣០នាទី នៅ​ចំណុចផ្ទះឈ្មោះ សែម សុីណែត ភេទ​ស្រី​ អាយុ២១ឆ្នាំ​  ស្ថិតក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​ 

យោងតាម​កំណត់​ហេតុ​សមត្ថកិច្ច​ឱ្យដឹងថា​ នៅមុនពេលកើតហេតុឈ្មោះសែម ស៊ីណែត ត្រូវ​ជាម្ដាយកុមាររងគ្រោះបានចេញទៅទិញម្ហូប ហើយទុកកូនឱ្យលេង​នៅលើផ្ទះតែម្នាក់ឯង​។ តាមការសន្និដ្ឋាន​ កុមារ​រូបនេះដើរ​លើសំយាបចង្រ្កានបាយដែលប្រក់ស័ង្កសីធ្វេីឱ្យផុងធ្លាក់ចូលចំអាងទឹកក្នុងបន្ទប់ឈ្លក់ទឹកស្លាប់តែម្ដង ។

សមត្ថកិច្ច​បញ្ជាក់ថា​ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវ​ជ្រាវឃើញថា​ សពពិតជាស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកឈ្លក់ទឹកស្លាប់​ប្រាកដមែន ពុំមានពាក់​ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ​ ។ សព​បានប្រគល់ជូនក្រុមគ្រួសារសាច់​ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖